ស្ងាត់ៗ Spurs លួចដាក់សំណើ ១៦លាន ផ្ទេរយកខ្សែបម្រើ កំពុងឡើងកូដម្នាក់នេះ

0
569

យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានធ្វើការដាក់សំណើ ១៦លានផោន (ឬប្រមាណ ២០លានដុល្លារ) ដេញថ្លៃយកខ្សែបម្រើ Gerson ពីក្លិប Flamengo ។

កីឡាករវ័យ២៣ឆ្នាំ បានផ្លាស់ពីក្លិប Roma មកចូលរួមជាមួយក្លិបយក្សប្រេស៊ីល កាលពីរដូវក្ដៅឆ្នាំមុន។ ដោយឡែកគិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្រុម Flamengo បាន៤៣ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤ដង។

ជាមួយគ្នានេះ ទម្រង់លេងរបស់ Gerson បានទាក់ក្រសែភ្នែកក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប។ ជាក់ស្ដែងក្លិបកាំភ្លើងធំ Arsenal និងក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund ត្រូវបានគេរាយការណ៍មកថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើខ្សែបម្រើសញ្ជាតិប្រេស៊ីល ខណៈក្រុម Spurs បានធ្វើការដាក់សំណើ ចំនួន១៦លានផោន មកកាន់ក្រុម Flamengo រួចរាល់ហើយ ដើម្បីផ្ទេរយកម្ចាស់អាវលេខ៨ រូបនេះ ទៅលេងនៅក្របខណ្ឌ Premier League រដូវកាលក្រោយ។

យ៉ាងណាមិញ បើយោងតាមការបញ្ជាក់របស់កាសែត Goal ក្លិប Flamengo បានធ្វើការបដិសេធសំណើរបស់ Spurs ដោយអ្នកចាត់ការទូទៅលោក Jorge Jesus មានបំណងចង់រក្សាទុក Gerson សម្រាប់ប្រើប្រាស់ក្នុងគម្រោងរបស់លោក។

គួរឲ្យដឹងដែរថា កិច្ចសន្យារបស់ Gerson ជាមួយនឹងក្លិប Flamengo មានសុពលភាពរហូតដល់ឆ្នាំ២០២៣ ឯណោះ៕