ខ្សែ​ប្រយុទ្ធ Aduriz របស់ Bilbao បាន​សម្រេច​ចូល​និវត្តន៍​ ក្នុង​វ័យ ៣៩ ​ឆ្នាំ

0
664

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Athletic Bilbao គឺ​ Aritz Aduriz ដែល​ជា​កីឡាករ​វ័យ​ចំណាស់​​បំផុត​អាច​រក​គ្រាប់​បាល់​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ក្នុង​ប្រកួត​អន្តរជាតិ​បាន​ប្រកាស​ចូល​និវត្តន៍​ហើយ ក្នុង​វ័យ ៣៩ ​ឆ្នាំ កាល​ពី​ថ្ងៃ​ពុធ​ ដោយ​លើក​មូលហេតុ​ថា​ កាយ​សម្បទា​របស់​ខ្លួន​ ទប់ទល់​លែង​បាន​ហើយ​។​ ​​​​

កីឡាករ Aduriz​ ដែល​បង្ហាញ​វត្តមាន​សរុប​ ៤៤៣ ​ប្រកួត និង​រក​គ្រាប់​បាល់ ១៥៨ ​គ្រាប់ នៅ​ក្របខ័ណ្ឌ​កំពូល La Liga ​របស់​អេស្ប៉ាញ ជាមួយ​ក្រុម​ Valencia, Real Mallorca និង Bilbao បាន​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ ក្រោយ​ត្រូវ​បាន​ប្រាប់​ថា គាត់​ចាំបាច់​ត្រូវ​ប្ដូរ​ត្រគាក។ នេះ​តាម​អ្វី​ដែល​គាត់​លើក​ឡើង​តាម​បណ្ដាញ​សង្គម​​ Twitter​។

កីឡាករ​ Aduriz បាន​សសេរ​ប្រាប់​ថា​៖ «​កាល​ពី​ម្សិលមិញ ដុកទ័រ បាន​ប្រាប់​ខ្ញុំ​ថា ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ​​វះ​កាត់​ឲ្យ​បាន​ឆាប់ ដើម្បី​យក​​របស់​សិប្បនិម្មិត​​មក​ជួស​ត្រគាក​របស់​ខ្ញុំ បើ​ចង់​ទៅ​​សាកល្បង​ចាប់​ផ្ដើម​ជីវិត​ប្រចាំ​ថ្ងៃ​ជា​ធម្មតា​ឡើង​វិញ។ តែ​សំណាង​​មិន​ល្អ រាង​កាយ​របស់​ខ្ញុំ បាន​ប្រាប់​ថា គ្រប់គ្រាន់​ហើយ​»​។​​ ​​

កីឡាករ​រូប​នេះ បាន​បន្ត​ទៀត​ថា​៖ «​ខ្ញុំ​មិន​អាច​ជួយ​មិត្ត​រួម​ក្រុម​តាម​វិធី​​ដែល​ខ្ញុំ​ចូល​ចិត្ត​ទៀត​ទេ។ តែ​នេះ​ គឺ​ជា​ជីវិត​នៃ​កីឡាករ​អាជីព។ វា​ជា​រឿង​ធម្មតា និង​ធម្មតា​បំផុត​»​។

កីឡាករ Aduriz បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ក្នុង​ឆ្នាំ ​២០១០ នៅ​អាយុ ២៩ ​ឆ្នាំ តែ​ក្រោយ​មក​ ត្រូវ​រង់ចាំ​ដល់​ទៅ ៦ ​ឆ្នាំ ដើម្បី​ទទួល​បាន​ការ​កោះ​ហៅ​ជា​ថ្មី​ម្ដង​ទៀត ដែល​ពេល​នោះ រូប​គេ​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ទល់​នឹង​អ៊ីតាលី ហើយ​ទី​បំផុត​ ក៏​អាច​រក​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្នុង​ប្រកួត​ដែល​បញ្ចប់​ទៅ​ជាមួយ​នឹង​លទ្ធផល ១ ទល់​នឹង ១។ ​ ​

ក្រោយ​មក​ក្នុង​ឆ្នាំ​ដដែល Aduriz បាន​ក្លាយ​ជា​កីឡាករ​​វ័យ​ចំណាស់​បំផុត​របស់​អេស្ប៉ាញ ដែល​រក​គ្រាប់​បាល់​បាន​ពោល ​គឺ​ក្នុង​វ័យ ៣៥ ឆ្នាំ និង ​២៧៥ ​ថ្ងៃ ពេល​នោះ​រូប​គេ​ ត្រូវ​បាន​គ្រប់​គ្នា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ប្រកួត​ដែល​ក្រុម​គេ យក​ឈ្នះ​ប្រទេស​ម៉ាសេដ្វាន ៤-០ ជំនួប​ជម្រុះ​ព្រឹត្តិការណ៍ World Cup​៕