Aston Villa ទារ Man Utd ១០០​លាន​ដុល្លារ បើ​ចង់បាន Grealish

0
868

Manchester United នឹងត្រូវ​ចំណាយ​ដល់​ទៅ ៨០ លាន​ផោន (១០០ លាន​ដុល្លារ​អាមេរិក​) ដើម្បី​ទិញយក​ខ្សែបម្រើ Jack Grealish ពី Aston Villa​។ នេះ​បើ​យោងតាម​ព័ត៌មាន​ចុងក្រោយ​ដែល​កាសែត Talk Sport ចុះផ្សាយ​។​

លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម បានបង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ Grealish ដែលជា​សមាជិក​សំខាន់​របស់ Aston Villa សម្រាប់​គោលដៅ​ចម្បង​ដើម្បី​យកមក​កាន់​ទឹកដី Old Trafford ក្នុង​រយៈពេល​មួយឆ្នាំ​មកហើយ​។ អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វ៉េ​សរូប​នេះ ពិតជា​ចង់បាន​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​នេះ ក្រោយ​រូបគេ​បង្ហាញ​ភាពលេច​ធ្លោ​ក្នុង​ក្របខណ្ឌ Premier League កន្លងមក​។​

​ក្នុង​វ័យ ២៤​ឆ្នាំ Grealish បាន​ក្លាយជា​កីឡាករ​ស្នូល​របស់ Aston Villa និង​ជា​កីឡាករ​លេចធ្លោ​មួយរូប បើទោះជា​ក្រុម​នេះ​ស្ថិតក្នុង​តំបន់​ត្រូវ​កាត់ចោល ដោយសារ​ការលេង​ជា​ក្រុម​មិនបាន​ល្អ​ក៏ដោយ​។​

​ការផ្ទេរ​របស់ Grealish នឹងមាន​ភាគរយ​កាន់តែច្រើន​ប្រសិនបើ Aston Villa ត្រូវបាន​បាន​កាត់ចោល​ត្រលប់​ទៅកាន់​ក្របខណ្ឌ​លី​គ​ទី​ពីរ​អង់គ្លេស Championship វិញ ខណៈ​កាសែត Daily Mail អះអាងថា Villa បាន​ទារ Man Utd ដល់​ទៅ ១០០​លាន​ដុល្លារ​អាមេរិក សម្រាប់​តម្លៃ​ខ្លួន​របស់​ប្រធាន​ក្រុម​ពួកគេ​រូបនេះ​។​

​យ៉ាងណាក៏ដោយ Villa នៅតែ​សង្ឃឹមថា នឹង​រក្សា Grealish ឲ្យ​នៅ​ជួយ​ក្រុម​បន្តទៀត​ទោះបីជា​ពួកគេ​វិល​ទៅ​ក្របខណ្ឌ​ទី​២​វិញ​។ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Dean Smith ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៩ ដែលជា​តំបន់​ត្រូវ​កាត់ចោល ក្រោយ​ការប្រកួត​២៨​លើក មាន​២៥​ពិន្ទុ​។

Aston Villa នៅមាន​ឱកាស​ដើម្បី​ដ​ណ្តើ​យក​តំបន់​សុវត្ថិភាព​វិញ​នៅ​១០​ប្រកួត​ចុងក្រោយ​មុន​ចប់​រដូវ​កាល​នេះ​។ យុទ្ធនាការ Premier League បាន​វិលត្រឡប់​ឡើងវិញ​ហើយ​នៅ​យប់​ថ្ងៃទី​១៧ ខែមិថុនា​នេះ​នៅ ដោយ Aston Villa នឹង​ទទួលភ្ញៀវ Sheffield United នៅឯ​កីឡដ្ឋាន Villa Park​។ នេះ​ជាការ​វិល​ចូល​ការប្រកួត​លី​គជា​ថ្មី​វិញ បន្ទាប់ពី​ការផ្អាក​បណ្តោះអាសន្ន​ជាង ៣ ខែ ដោយសារ​វិបត្តិ​ជំងឺឆ្លង COVID-19៕