Man City លត់ Arsenal ៣-០ ក្នុងជំនួប​ដំបូង​ចាប់តាំងពី COVID-19

0
504

Manchester City បាន​យកឈ្នះ Arsenal ក្នុង​លទ្ធផល ៣-០ ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League ដែលជា​ជំនួប​ដំបូង ចាប់តាំងពី​ផ្អាក​ដោយសារ​ជំងឺឆ្លង COVID-19​។ Aston Villa និង Sheffield United បញ្ចប់​ការប្រកួត​ដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​។​

ក្នុងការ​ប្រកួត​សប្តាហ៍​ទី​២៩ នៅ​រាត្រី​ថ្ងៃទី​១៧ ខែមិថុនា ក្នុង​កីឡដ្ឋាន Etihad គឺ​គ្នាន​អ្នក​ចូល​ទស្សនា​នោះទេ ប៉ុន្តែ​មាន​ផ្ទាំង​បង្ហាញ​អ្នកគាំទ្រ​នៅលើ​អេក្រង់​ក្បែ​ប​ង្កោ​ល​ទី​ទាំងសងខាង​។ ស្របពេល​ការប្រកួត​បាន​រយៈពេល​៤៥​នាទី ខ្សែបម្រើ Raheem Sterling ជា​អ្នក​បំប៉ោង​សំណាញ់​ទី Arsenal ដើម្បី​ជួយ Man City នាំមុខ​មួយគ្រា​ប់​មុន មុន​បញ្ចប់​វគ្គ​ទី​១​។

ចូលដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរ​បាន​៤​នាទី ខ្សែការពារ David Luiz បាន​បង្កើត​កំហុស​នៅ​តំបន់​គ្រោះថ្នាក់​ដោយ​រុញ​កីឡាករ Riyad Mahrez ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​ផ្តល់​កាត​ក្រហម និង​ឲ្យ​បាល់​១១​ម៉ែត្រ​ទៅកាន់​ក្រុម​ម្ចាស់ផ្ទះ​។ Kevin De Bruyne រ៉ាប់រង​ការ​ស៊ុត​បាល់​ពិន័យ​នេះ និង​សម្រេច​ទី​ដោយ​ជោគជ័យ​នៅ​នាទី​៥១​។​


​នៅ​នាទី​៩០​ទៅហើយ ខ្សែបម្រើ​វ័យក្មេង Phil Foden បន្ថែម​គ្រាប់​ទី​៣ ដើម្បី​ជួយ​ក្រុម​របស់លោក Pep Guardiola យកឈ្នះ​ក្រុម​របស់លោក Mikel Arteta ក្នុង​លទ្ធផល ៣-០​។​

ជ័យជម្នះ​នេះ​នាំ​ក្រុម Man City នៅ​រក្សា​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​ដដែល ដោយ​រកបាន​៦០​ពិន្ទុ ពី​ការប្រកួត​២៩​លើក​។ យ៉ាងណាក៏ដោយ​៣​ពិន្ទុ​បន្ថែម​នេះ នៅតែ​ពិបាកធ្វើ​ឲ្យ​ម្ចាស់​ការពារ​ជើងឯក​ឆ្នាំ​ចាស់ ប្រជែង​ជាមួយ Liverpool ដែល​នៅ​កំពូល​តារាង​ហើយ​មាន​ពិន្ទុ​នាំមុខ​ដាច់​ដល់​ទៅ​១៨​ពិន្ទុ​នោះ​។​

​កាំភ្លើង​ធំ​នៅ​ឈរ​លេខ​រៀង​ទី​៩ ដដែល ដោយ​រកបាន​៤០​ពិន្ទុ តែ​ពួកគេ​នៅតែ​មានឱកាស​ដើម្បី​ដណ្តើមយក​តំណែង Top 4 សម្រាប់​កៅអី Champions League រដូវ​កាល​ក្រោយ​។​

​ដោយឡែក​ចំនួប​មួយគូ​ទៀត រវាង Aston Villa និង Sheffield United ដោយ​ក្រុម​ទាំងពីរ​បញ្ចប់​ទៅដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​។ Aston នៅតែ​ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល បើ​ទោះ​បាន​១​ពិន្ទុ​ពី​ការប្រកួត​នេះ ខណៈ Sheffield United កើន​ឱកាស​ក្នុងការ​ប្រជែង​យក Top 4 ដោយ​បច្ចុប្បន្ន​ពួកគេ​រកបាន​៤៤​ពិន្ទុ និង​ឈរ​នៅ​លេខ​រៀង​ទី​៦​ក្នុង​តារាង Premier League៕