Barcelona ត្រូវបានរាយការណ៍មកថា កំពុងតែគិតគូរក្នុងការដាក់កីឡាករ Philippe Coutinho ជាថ្នូរនឹងការដោះដូរនាំយកខ្សែបម្រើរបស់ Chelsea កីឡាករ N’Golo Kante មកលេងនៅកីឡដ្ឋាន Camp Nou សម្រាប់រដូវកាល ២០២០-២១។
ក្រោយចំណាយរយៈពេលមួយរដូវកាលក្រោមកិច្ចសន្យាខ្ចីជើងនៅBayern Munich កីឡាករជម្រើសជាតិប្រេស៊ីល Coutinho គ្រោងនឹងត្រូវត្រឡប់មកកាន់កីឡដ្ឋាន Camp Nou វិញ ប៉ុន្តែគេទំនងនឹងត្រូវចាកចេញពីក្លិបយក្សអេស្ប៉ាញជាអចិន្ត្រៃយ៍ហើយនៅទីផ្សារខាងមុខនេះ។
Chelsea គឺជាក្លិបមួយក្នុងចំណោមក្លិបជាច្រើនផ្សេងទៀតដែលចាប់អារម្មណ៍មកលើកីឡាករលេងក្នុងតំណែងបម្រើប្រយុទ្ធម្នាក់នេះ បន្ទាប់ពីមើលឃើញគេពិបាកក្នុងការប្រជែងតំណែងលេងនៅ Barcelona ក្រោយផ្លាស់ពី Liverpool កាលពីខែមករា ឆ្នាំ២០១៨។
បើតាម Mundo Deportivo ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់នឹងប្រើការចាប់អារម្មណ៍របស់ Chelsea មកលើ Coutinho ដើម្បីជាធ្នាក់ដោះដូរយក Kante សម្រាប់ទីផ្សាររដូវក្ដៅខាងមុខ។ កីឡាករជម្រើសជាតិបារាំង Kante ក៏ជាគោលដៅនាំចូលរបស់ Real Madrid និង Juventus ដូចគ្នា។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Barca ចង់បាន Kante ដែលចូលលេងឲ្យ Chelsea បាន១៨ប្រកួតនៅរដូវកាលនេះ ទៅត្រៀមជំនួសកន្លែងរបស់ Ivan Rakitic និង Arturo Vidal ដោយអនាគតរបស់ពួកគេទាំងពីរជាមួយនឹងក្លិបកំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់។
គួរឲ្យដឹងដែរថា Kante បានសាងកេរ្តិ៍ឈ្មោះ ក្រោយជួយ Leicester City ឲ្យឈ្នះពាន Premier League រដូវកាល ២០១៥-១៦ មុនពេលដែលមកចូលរួមជាមួយ Chelsea ដោយបានជួយឲ្យក្លិបមានម្ចាស់ជាសេដ្ឋីជនជាតិរុស្ស៊ីឈ្នះពាន Premier League ១លើក FA Cup ១លើក និង Europa League ១លើក៕