Ben Foster ជ្រក​ក្រោម​ដំបូល Watford បន្ត ២ ឆ្នាំ​ទៀត

0
1171

​ក្លិប​មួយ​ទៀត​នៅ​ក្រប​ខ័ណ្ឌ Premier League គឺ Watford បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​អ្នក​ចាំ​ទី Ben Foster ហើយ ក្នុងការ​​ពន្យារ​កុង​ត្រាបន្ថែម ២ ​ឆ្នាំ​ទៀត​ ដែលនេះ​​មាន​ន័យ​ថា អតីត​អ្នក​ឈរ​យាម​បង្គោល​ទី​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះ នឹង​មិន​ទាន់​ចាក​ចេញ​ទៅ​ណា​ឡើយ គិត​តាំង​ពី​បាន​មក​កាន់​​ទឹក​ដី​​ Vicarage Road ក្នុង​ឆ្នាំ​ ២០១៨​។

កីឡាករ​វ័យ ៣៧ ​ឆ្នាំ ជិត​នឹង​ក្លាយ​ជា​កីឡាករ​គ្មាន​កិច្ច​សន្យា​ទៅ​ហើយនៅ​ចុង​ខែ​នេះ តែ​ឥឡូវ​ហ្នឹងរូប​គេ​នឹង​នៅតែ​ចំណែក​មួយ​ក្នុង​ការ​ជួយ​​ក្រុម Watford ដើម្បី​តស៊ូ​ឲ្យ​មាន​ជី​វិត​រស់​រាននៅ​ក្រប​ខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​បន្ត​ទៀត ពេលពួក​គេចាប់​ផ្ដើម​យុទ្ធ​នាការ​ដំបូង​របស់​ខ្លួន​ឡើង​វិញ ដោយ​ការ​ប្រឈម​ជាមួយ​ក្រុម​ Leicester City នា​ថ្ងៃ​ទី ​២០ ខែ​មិថុនា​ នេះ​។

កីឡាករ Foster ដែល​បាន​បង្ហាញ​ខ្លួន​សរុប​ជិត​ ១៥០​ ដង​ ជាមួយ​ក្រុម Watford បាន​ចាប់​ផ្ដើម​ជាមួយការ​ប្រកួត​ក្នុង​លីកសម្រាប់​ក្លិប ២៩ លើក រដូវ​កាល​នេះ ដោយ​ធ្វើ​បាន​កំណត់​ត្រា​សង្គ្រោះ​បាល់​ចំនួន​ ៨៩ ​ដង និង​មិន​​ឲ្យ​របូត​គ្រាប់​បាល់ចំនួន​​ ៩ ការ​ប្រកួត។

​បច្ចុប្បន្នក្រុម​ដែល​មាន​លោក​ Nigel Pearson ជាគ្រូបង្វឹកកំពុង​នៅ​ពី​លើ​​ក្រុម​ដែល​ត្រូវ​កាត់​ចោល​ Bournemouth ដោយ​ចំនួនគ្រាប់​បាល់​ប៉ុណ្ណោះ ព្រោះ​មាន ​​២៧​ ពិន្ទុ​ស្មើគ្នា ខណៈ​ការ​ប្រកួត​នៅ​សល់​ ៩ សហប្ដាហ៍ទៀត នឹង​បញ្ចប់​ជាស្ថាពរ​ហើយ​។

ក្រោយ​ព្រម​បន្ត​កិច្ចសន្យា​នេះ កីឡាករ​ Foster បាន​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​វេបសាយ​របស់ក្រុម​ថា​៖ «​ពួក​យើង​ត្រូវ​តែ​ចាប់​ផ្ដើម​ធ្វើ​អ្វី​ៗឲ្យ​​លឿន​បំផុត​ ដែល​អាច​ឲ្យ​យើង​ទទួល​បាន​លទ្ធផល​ល្អ ហើយ​ខ្ញុំ​ជឿ​យ៉ាង​មុត​មាំ​ថា​ យើង​អាច​ឡើង​ទៅ​ដល់​ពាក់​កណ្ដាល​តារាង​ ប្រសិន​បើ​យើង​អាច​ប្រកួត​ឈ្នះ​​ ៣ ​ដង ​លឿន​បំផុត​។ បើ​​ធ្វើ​បាន​ភ្លាម​ៗ យើង​នឹង​ឡើង​ពី​លេខ​ ១៧ ទៅ​ដល់​ពាក់​កណ្ដាល​តារាង ដោយសារ​មាន​ពី​​ ៦​ ទៅ​ ៧ ក្រុម ដែល​មាន​ពិន្ទុ​កៀក​ៗគ្នា។ ដូច្នេះ សំខាន់​ណាស់ ដែល​យើង​ត្រូវ​ចាប់​ផ្ដើម​ឲ្យ​បាន​ល្អ​»​៕