បីសាចក្រហម នឹងឱ្យប្រាក់ឈ្នួលទ្វេដងទៅលើខ្សែបម្រើ Marcos Llorente ប្រសិនបើព្រមមកកាន់ទឹកដី Old Trafford

0
682

យោងតាមការរាយការណ៍ពីអេស្ប៉ាញគឺ ក្លិបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ចង់ទិញយក ខ្សែបម្រើ Marcos Llorente ពីក្លិប Atletico Madrid ដោយដាក់សំណើក្នុងទឹកប្រាក់ចំនួន ៦៨.៥លានផោន(ស្មើនឹងប្រមាណ៩៤.៤លានដុល្លារ)។

កីឡាករវ័យ២៦ឆ្នាំរូបនេះជាប់ជម្រើស១១នាក់ដំបូងសឹងតែគ្រប់ការប្រកួតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Diego Simeone អស់រយៈពេលជិតមួយឆ្នាំហើយដោយរកបាន១០គ្រាប់ និង បញ្ជូនបាល់៩គ្រាប់ទៀតនៅរដូវកាលនេះ។

ខណៈនោះដែរ លោកគ្រូបង្វឹក Ole Gunnar Solkskjaer កំពុងស្វែងរកខ្សែបម្រើឆ្នើមៗមកបំពេញតំបន់បម្រើរបស់ក្រុមនាទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ហើយ Llorente ពិតជាទាក់ភ្នែកលោកគ្រូណាស់។

សារព័ត៌មាន AS បានបង្ហើបឲ្យដឹងថា ថ្នាក់ដឹកនាំរបស់ Manchester United បានដាក់សំណើដល់ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះថាបើគេព្រមលេងនៅទឹកដី Old Trafford នោះក្លិបនឹងផ្ដល់ប្រាក់ឈ្នួលលើសកាលលេងនៅ Atletico Madrid ដល់ទៅ២ដង។

ពេលនេះ Marcos Llorente រកបានខ្ទង់ ៨ម៉ឺនផោនក្នុងមួយសប្តាហ៍(ស្មើនឹងប្រមាណ១សែន២ម៉ឺនដុល្លារ) ស្របពេលកុងត្រារបស់គេជាមួយ Atletico Madrid មានសុពុលភាពរហូតដល់ឆ្នាំ២០២៤ឯណោះ។

ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺ Llorente ទំនងជាមិនចង់ចាកចេញពីទឹកដីកីឡដ្ឋាន Wanda Metropolitano ឡើយហើយគេសប្បាយចិត្តនឹងស្នាក់នៅជាមួយ Atletico Madrid ហើយក្លិបនេះក៏មិនមានគម្រោងចង់លក់តារាឆ្នើមរបស់ខ្លួនឡើយប៉ុន្តែការផ្ទេរនេះនៅតែអាចមានភាគរយកើតឡើងព្រោះក្លិបកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដែលមានន័យថា At. Madrid អាចនឹងត្រូវបង្ខំចិត្តលក់គេដើម្បីយកប្រាក់មកផ្គត់ផ្គង់ក្លិប។

គួររម្លឹកផងដែរថា ខ្សែបម្រើ Marcos Llorente ធ្លាប់លេងនៅ ក្លិបអធិរាជស Real Madrid តាំងពីឆ្នាំ២០១៤ដោយចូលលេងនៅឈុតយុវជន បន្ទាប់មកនៅឆ្នាំ ២០១៥ គេក៏មានឱកាសចូលលេងឲ្យក្រុមឈុតធំ ប៉ុន្តែនៅឆ្នាំ២០១៩ កីឡាកររូបនេះបានសម្រេចចិត្តចាកចេញទាំងដែលចូលលេងបាន៣៩ប្រកួត និងផ្ទេរមក Atletico Madrid តែម្ដង៕