ខ្សែប្រយុទ្ធ Karim Benzema បានធ្វើឲ្យគ្រប់គ្នាសរសើរនូវភាពវៃឆ្លាតរបស់គេ ដែលបានបញ្ជូនបាល់ដោយការប្រើកែងជើង បង្កើតឱកាសឲ្យមិត្តរួមក្រុម Casemiro ស៊ុតបញ្ចូលទី ជួយក្រុម Real Madrid ឈ្នះក្រុមម្ចាស់ផ្ទះ Espanyol ១-០ អំឡុងការប្រកួតកាលពីថ្ងៃអាទិត្យ ខណៈជ័យជម្នះនេះ ធ្វើឲ្យក្រុមអធិរាជសឈរទីកំពូលតារាងក្របខ័ណ្ឌ La Liga ដោយនាំមុខដាច់ ២ ពិន្ទុ លើក្រុម Barcelona ដែលបាត់ពិន្ទុ ដោយសារប្រកួតស្មើជាមួយ Celta Vigo ២-២។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមលោក Zinedine Zidane នេះ កើតឡើងនៅចុងវគ្គទី១ ពោលគឺនាទីទី ៤៥+១ ពេលដែលកីឡាករសញ្ជាតិបារាំង Benzema បញ្ជូនបាល់ដោយកែងជើងយ៉ាងអស្ចារ្យតាមប្រឡោះជើងខ្សែការពារ Bernardo Espinosa ដែលតាមបិទខ្លួន ហើយខ្សែបម្រើ Casemiro រត់ទៅផ្ដួលខ្លួនធាក់បាល់បញ្ចូលទី។
ក្រោយបំប៉ោងសំណាញ់ទីបានសម្រេចហើយ កីឡាករ Casemiro រត់តម្រង់ទៅកាន់កីឡាករ Benzema ដើម្បីធ្វើការអរគុណចំពោះការបញ្ជូនបាល់ដ៏វៃឆ្លាតនេះ ហើយក្នុងកិច្ចសម្ភាសន៍ កីឡាករវ័យ ២៨ ឆ្នាំបានប្រាប់ថា៖ «គ្រាប់បាល់នេះ ជារបស់ Benzema។ ខ្ញុំត្រូវតែធ្វើការអបអរជាមួយគាត់ ព្រោះវាកើតឡើងដោយសារគាត់មានភាពឈ្លាសវៃ»។
ចំណែកគ្រូបង្វឹក លោក Zidane បានបន្ថែមពីលើសម្ដីរបស់កូនក្រុមខ្លួនថា៖ «ខ្ញុំមិនភ្ញាក់ផ្អើលនូវអ្វី ដែល Benzema ធ្វើបាននោះទេ គេគឺជាកីឡាករម្នាក់ ដែលតែងបន្តបង្កើតឲ្យនូវឱកាសជាច្រើន នៅលើទីលាន ហើយការគ្រប់គ្រង និងកែងជើងរបស់គាត់ គឺពូកែឥតទាស់។ នេះអាចជាការលេងដ៏ល្អបំផុតប្រចាំរដូវកាលផងក៏ថាបាន»។
កីឡាកររបស់ក្រុម Real ទាំងអស់ បានរត់មកឱបគ្នា ពេលសម្លេងកញ្ចែបន្លឺឡើង បញ្ជាក់ថា ការប្រកួតបញ្ចប់ជាផ្លូវការ ហើយការឈ្នះ ៥ លើកជាប់ៗគ្នានេះ ធ្វើឲ្យពួកគេមាន ៧១ ពិន្ទុ ក្រោយបញ្ចប់ការប្រកួត ៣២ ដង ខណៈក្រុមគូប្រជែងដ៏ស្រួចស្រាវ Barca មាន ៦៩ ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី ២៕