ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៃពានរង្វាន់ AFF Cup 2020 ក្រុម វៀតណាម មិនអាចរកគ្រាប់បាល់បានឡើយ ហើយបានត្រឹមស្មើ ០-០ ជាមួយថៃ។ លទ្ធផលនេះមិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមថៃក្នុងការឈ្នះសិទ្ធិទៅកាន់វគ្គផ្ដាច់ព្រ័ត្រឡើយ។
ការបរាជ័យក្នុងលទ្ធផល ០-២ បន្ទាប់ពីការប្រកួតចំនួន ២លើក ក្រុមវៀតណាម បានរបូតតំណែងការពារជើងឯងនៅ AFF Cup ជាផ្លូវការ ហើយខតចិត្តជាខ្លាំងដែលបណ្ដោយឱ្យក្រុមថៃ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយក្រុមឥណ្ឌូនេស៊ី ។
បន្ទាប់ពីការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup 2020 បានបញ្ចប់ ទាំងថៃ និងវៀតណាម មានកំណត់ត្រារៀងៗខ្លួន។ ប៉ុន្តែភាគីម្ខាងសប្បាយចិត្ត ហើយភាគីម្ខាងទៀតសោកសៅ។
ថៃបង្កើតកំណត់ត្រា៩ដងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ AFF Cup
ដូច្នេះ ថៃបានបង្កើតកំណត់ត្រា៩លើកឡើងដល់វគ្គផ្តាច់ព្រ័ត្រ AFF Cup ក្រោយប្រកួតចំនួន១៣លើក។ ក្នុងវគ្គផ្ដាច់ព្រ័ត្រចំនួន៨លើក ក្រុមថៃបានឈ្នះជើងឯក៥ដង គឺឆ្នាំ១៩៩៦ ឆ្នាំ២០០០ ឆ្នាំ២០០២ ឆ្នាំ២០១៤ និង២០១៦ ។ ពួកគេធ្លាប់ឈ្នះជើងឯករងចំនួន ៣ដង គឺឆ្នាំ២០០៧ ២០០៨ និង២០១២ ។
ក្រុមដែលជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំនួនទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup គឺក្រុមឥណ្ឌូណេស៊ី ដោយមានការបង្ហាញខ្លួនចំនួន ៦ ដងក្នុងការប្រកួតនៃវគ្គផ្ដាច់ព្រ័ត្រ។ ទាំងនោះគឺឆ្នាំ ២០០០, ២០០២, ២០០៤, ២០១០, ២០១៦ ហើយចុងក្រោយបំផុត គឺឆ្នាំ ២០២០។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងថៃ និងឥណ្ឌូណេស៊ីនឹងធ្វើឡើងក្នុងពីរជើង។ ជើងទីមួយនឹងលេងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ខណៈជើងទីពីរនឹងលេងនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ ការប្រកួតទាំងពីរជើងនេះ នឹងធ្វើឡើងនៅកីឡដ្ឋានជាតិសិង្ហបុរី វេលាម៉ោង១៩:៣០នាទី។
វៀតណាមចាញ់៨លើកក្រោយ១១លើកឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Cup
ខណៈពេលដែលក្រុមថៃ បានបង្កើតកំណត់ត្រាដ៏មោទនភាពមួយ ចំណែកក្រុមវៀតណាមវិញ គឺទទួលបានកំណត់ត្រាដ៏សោកសៅមួយ។ ដូច្នេះ ក្រុមវៀតណាម ត្រូវបានធ្លាក់ចំនួន ៨លើក បន្ទាប់ពី ១១លើក ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Cup ក្នុង ១៣ ប្រកួត។ វៀតណាមបានធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ៨ដង គឺក្នុងឆ្នាំ ១៩៩៦, ២០០០, ២០០២, ២០០៧, ២០១០, ២០១៤, ២០១៦ និងចុងក្រោយគឺឆ្នាំ ២០២០។
ចំណាត់ថ្នាក់លេខ២ បើគិតពីចំនួនជម្រុះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺម៉ាឡេស៊ី ៥ដង ក្នុងឆ្នាំ ២០០០ ២០០២ ២០០៤ ២០០៧ និង ២០១២។ ក្រុមហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយ ៤ ដងក្នុងឆ្នាំ ២០១០, ២០១២, ២០១៤ និង ២០១៨៕