ខ្សែបម្រើឆ្នើមCasemiro ពង្រីកកុងត្រាបន្ថែមជាមួយ Real Madrid

0
599

យោងតាមរបាយការណ៍ Marca បានឱ្យដឹងមុននេះថា ខ្សែបម្រើការពារជម្រើសជាតិប្រេស៊ីល Casemiro យល់ព្រមបន្តកុងត្រាថ្មីបន្ថែមជាមួយក្លឹបអធិរាជស Real Madrid រហូតដល់បញ្ចប់រដូវកាល ២០២២-២០២៣។ តាមពិតទៅ ការចរចាលើកុងត្រាថ្មីនេះ គឺមានការឯកភាពគ្នាប្រមាណមួយ ខែមកហើយ ប៉ុន្តែក្នុងកុងត្រាថ្មីនេះមិនតម្រូវឱ្យមានការផ្សព្វផ្សាយជាសាធារណៈឡើយ។

សូមជម្រាបផងដែរថា ខ្សែបម្រើការពារឆ្នើមវ័យ ២៨ឆ្នាំរូបនេះ បានចាកចេញពីក្លឹប São Paulo ក្នុងប្រទេសកំណើតមកកាន់ក្រុមយុវជនរបស់ Real Madrid កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ក្នុងលក្ខខណ្ឌខ្ចីជើង និងបានទិញជាអចិន្ត្រៃយ៍ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ ក្នុងតម្លៃត្រឹម ៦លាន ផោនប៉ុណ្ណោះ។

ពេញមួយរដូវកាលដំបូងរបស់ខ្លួន (ពោលក្នុងរដូវកាល ២០១៣-២០១៤) នៅកីឡដ្ឋាន Santiago Bernabéu រូបគេបានបង្ហាញខ្លួនឱ្យក្លឹបដែលប្រជុំដោយតារាបាល់ទាត់ល្បីៗនោះ បានចំនួន ២៥ ប្រកួត ប៉ុន្តែហាក់មិនសូវទទួលបានជោគជ័យនោះឡើយ ដោយក្នុងនោះ ខ្សែបម្រើរូបនេះបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានត្រឹម ១គ្រាប់។

នារដូវកាល ២០១៤-២០១៥ ក្លឹប Real Madrid បានសម្រេចឱ្យក្លឹប Porto ខ្ចីជើងកីឡាកររូបនេះមួយរដូវកាលជាមួយតម្លៃនៃការខ្ចីត្រឹម ១.២លានផោន។ ពេលវេលានៅក្លឹបយក្សរបស់ព័រទុយហ្គាល់ មួយនេះ បានធ្វើឱ្យពិភពបាល់ទាត់ចាប់ផ្តើមស្គាល់ខ្សែបម្រើការពាររូបនេះកាន់តែច្បាស់ ដោយក្នុងនោះរូបគេបានបង្ហាញខ្លួនចំនួន ៤១ប្រកួត ដោយរកគ្រាប់បាល់បាន ៤គ្រាប់ និងបញ្ជូនបាល់បាន ៣គ្រាប់ផងដែរ។

ក្រោយត្រលប់មក Real Madrid វិញនារដូវកាលបន្ទាប់ (ចាប់ពីរដូវកាល ២០១៥-២០១៦) ខ្សែបម្រើការពារអន្តរជាតិប្រេស៊ីលរូបនេះ បានក្តោបក្តាប់តំបន់បម្រើការពាររបស់ក្លឹបស្ទើរគ្រប់ប្រកួត និងគ្រប់គ្រូបង្វឹកដែលបានចូលមកដឹកនាំក្លឹបជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ រួមទាំងការឈ្នះពាន Champions League ៣រដូវកាលជាប់គ្នាជាមួយលោក Zinedine Zidane ទៀតផង៕