Goretzka ជួយ​ឲ្យ Bayern ឈ្នះ​ទាំង​បុក​ពោះ

0
771

ការ​ស៊ុត​ទម្លុះ​សំណាញ់​ទី​ពី​សំណាក់​​ខ្សែ​បម្រើ Leon Goretzka ​ នៅ​នាទី​ទី ​៨៦ វា​បាន​ក្លាយ​​ជា​គ្រាប់​បាល់​ដ៏​សំខាន់ ដែល​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ Bayern Munich ឈ្នះ​ក្រុម Moenchengladbach (MG) ​ក្នុង​លទ្ធផល​ប្រកៀក​ប្រកិត ២-១ ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​​ជ័យ​ជម្នះ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​ជើង​ឯក​ចាស់ ១ ​នេះ ត្រូវ​ការ​តែ​ ​៣ ​ពិន្ទុ​ទៀត​ប៉ុណ្ណោះ ដើម្បី​ធានា​បាន​​ថា​ ពួក​គេ​គឺ​ជា​ម្ចាស់​ពាន​រង្វាន់​ក្របខ័ណ្ឌ Bundesliga រដូវកាល ២០១៩​-២០២០​។

គ្រាប់​បាល់​របស់​​ Goretzka នេះ មិន​ត្រឹម​តែ​នាំ​ជ័យ​ជម្នះ​ឲ្យ​ក្រុម Bayern​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ​ស្ដារ​មុខ​មាត់​ឲ្យ​មិត្ត​រួម​ក្រុម Benjamin Pavard ដែល​ភ្លាត់​ស្នៀត​​ធ្វើ​ឲ្យ​បាល់​​ចូល​ទី​ខ្លួន​ឯង​នៅ​នាទីទី ​៣៧ ផ្ដល់​ឱកាស​ឲ្យ​ក្រុម​ភ្ញៀវ​តាម​ស្មើ​គ្រាប់​បាល់​នាំ​មុខ​របស់​កីឡាករ​​​ Joshua Zirkzee ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​នាំ​មុខ ​៧ ​ពិន្ទុ​ដាច់​​លើ​ក្រុម​លេខ ​២ Dortmund ដែល​ប្រកួត​ឈ្នះ Fortuna Duesseldorf ១-០​ដែរ នៅ​ទឹក​ដី​ខ្លួន​ឯង​។

សម្រាប់​ការ​ប្រកួត​ដែល​​គ្មាន​ទស្សនិកជន​ចូលរួម​នេះ ក្រុម​ Moenchengladbach បើ​ទោះ​ជា​លេង​ក្រៅ​ផ្ទះ​ក៏​ដោយ ក៏​បាន​ប្រឹង​ប្រែង​ទម្លុះ​ខ្សែ​ការពារ​របស់​ក្រុម​ម្ចាស់​ផ្ទះ​ជា​ច្រើន​លើក​ច្រើន​សា​ដែរ​ រហូត​បាន​បំប៉ោង​សំណាញ់​ទី​មុន​នៅ​​នាទីទី​ ​​១៦ ដោយ​ Jonas Hofmann តែ​គួរ​ឲ្យ​ស្ដាយ​ជា​គ្រាប់​បាល់​ជំហរ​ក្រៅ​ល្បែង (offside)​​។

ក្រោយ​ក្រុម​គូ​ប្រជែង​ត្រូវ​បាន​បដិសេធ​គ្រាប់​បាល់ ក្រុម Bayern ចាប់​ផ្ដើម​វាយ​បក​វិញ​ម្ដង ហើយ​ក៏​បាន​គ្រាប់​បាល់​នាំ​មុខ​នៅ​នាទីទី ​២៦ ដោយសារ​​កីឡាករ Zirkzee មិន​​ខ្ជះខ្ជាយ​​ឱកាស​ពេល​​បាន​បាល់​របស់​អ្នក​ចាំ​ទី Yann Sommer ដែល​បញ្ជូន​ភ្លាត់​ទៅ​ចំខ្លួន។ តែ ​១១ នាទី​ក្រោយ​មក ​កីឡាករ Pavard ក៏​បាន​ផ្ដល់​កាដូ​ឲ្យ​ Moenchengladbach វិញ ដោយ​ការ​ធ្វើ​ឲ្យ​ចូលទី​ខ្លួន​ឯង​ ពេល​ព្យាយាម​​ស្កាត់​បាល់​របស់​ Patrick Herrmann ធ្វើ​ឲ្យ​​ក្រុមទាំង ​២​ ស្មើ​គ្នា ១-១​។

ឈាន​ចូល​តង់​ទី២​ ទាំង​ក្រុម​ម្ចាស់ផ្ទះ និង​ភ្ញៀវ ​ធ្វើ​ការ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ដណ្ដើម​ជ័យ​ជម្នះ​រៀងៗ​ខ្លួន ដោយ​ក្រុម​ Bayern ត្រូវ​ការ​ពិន្ទុ ដើម្បី​កៀក​នឹង​ការ​ឈ្នះ​ពាន ​១០ ​រដូវកាល​ជាប់​ៗ​គ្នា ខណៈ​​ Moenchengladbach ត្រូវ​ការ​កៅអី​ទៅ​លេង​ក្របខ័ណ្ឌ​អឺរ៉ុប Champions League​ ហើយ​​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Allianz Arena នេះ គ្រប់គ្នា​គិត​ថា​ ក្រុម​ទាំង ​២ នឹង​ចែក​គ្នា​ម្នាក់​​ ១ ​ពិន្ទុ​ ព្រោះ​នៅ​សល់​តែ ៤ ​នាទី​ទៀត​ប៉ុណ្ណោះ ​នឹង​បញ្ចប់​ការ​ប្រកួត​ផ្លូវ​ការ​ទៅ​ហើយ តែ​ Goretzka ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​ឥត​ខ្ចោះ ដែល​ជា​គ្រាប់​បាល់​ដ៏​សំខាន់​​ សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី ​៣១ ​នេះ​។​

ប្រធាន​ក្រុម​ Bayern គឺ​អ្នក​ចាំ​ទី Manuel Neuer និយាយ​ថា​៖ «​យើង​អាច​ឈ្នះ​ក្នុង​ការ​ប្រកួត​ដ៏​តាន​តាំង​នេះ​។​ ផែន​​ការ​របស់​យើង ​ដូច​ជា​ប្លែក​បន្តិច​។ យើង​មិន​បាន​គ្រប់គ្រង​បាល់​​ច្រើន​ និង​គាប​សង្កត់​នៅ​តំបន់​កណ្ដាល​ឲ្យ​ខ្លាំង​ឡើយ។ យើង​បណ្ដោយ​ឲ្យ​ពួក​គេ​វាយ​សម្រុក​មក​លើ​យើង​។ នោះ​ជា​ការ​រៀបចំ​របស់​យើង​»​៕