Haaland កាន់កំណត់ត្រាដែល Ronaldo និង Messi មិនអាចសម្រេចបានឡើយ

0
215

Haaland បានរកគ្រាប់បាល់ចំនួន ៤១ គ្រាប់ក្នុងមួយរដូវលឿនជាងទាំងកីឡាករ Cristiano Ronaldo និង Lionel Messi ដែលជាកីឡាករឆ្នើមទាំង ២ នៅលើពិភពលោកអស់រយៈពេលជាង ១០ ឆ្នាំ។

Erling Haaland កំពុងបង្ហាញទម្រង់រកគ្រាប់បាល់គួរឱ្យចាប់អារម្មណ៍នៅរដូវកាលនេះ។ ពី RB Salzburg ទៅ Dortmund ខ្សែប្រយុទ្ធន័រវេសអាយុ ១៩ ឆ្នាំនៅតែរក្សាបានទម្រង់លេងដែលមិនគួរឱ្យជឿ។

ត្រលប់មករកការប្រកួតវិញ បន្ទាប់ពីជាង ២ ខែបានឈប់សម្រាកដើម្បីការពារ COVID-១៩ Haaland បានរកគ្រាប់បាល់ភ្លាមៗដើម្បីជួយឱ្យក្រុម Dortmund ឈ្នះ Schalke ។ ដូច្នេះគាត់បានស៊ុតបាល់បញ្ចូលទី ចំនួន១៣​ គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ ១២ លើកក្នុងការប្រកួតសម្រាប់ក្រុម Dortmund នៅ Bundesliga, Cup​​​ C1 និង Cup អាល្លឺម៉ង។

ការប្រកួតបើកឆាកទល់នឹងក្រុម Schalke បានជួយ Haaland បង្កើនគ្រាប់បាល់សរុបដែលរកបាននៅរដូវកាលនេះដល់ចំនួន ៤១គ្រាប់ បន្ទាប់ពីបានចេញបង្ហាញខ្លួ​នបានចំនួន ៣៤ ប្រកួតទាំងនៅ RB Salzburg និង Dortmund ។ តាមការគណនាគាត់ចំណាយពេលតែ ៥៥ នាទីប៉ុណ្ណោះដើម្បីរកគ្រាប់បាល់បាន ១ គ្រាប់។

ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍បានជួយឱ្យ Haaland ឈានដល់ ៤១ គ្រាប់ក្នុងមួយរដូវ លឿនជាងទាំងកីឡាករ Cristiano Ronaldo និង Lionel Messi ។ នៅពេលដែលគាត់បានស៊ុតបញ្ចូលទីរបស់ Schalke កាលពីចុងសប្តាហ៍មុន គាត់មានអាយុ ១៩ ឆ្នាំ ៩ ខែ និង ២៣ ថ្ងៃប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ Ronaldo រកបាន ៤១ គ្រាប់ ក្នុងមួយរដូវកាលលើកដំបូងពេលដែលគាត់នៅ Man Utd ឆ្នាំ ២០០៧/០៨ ។ នៅពេលនោះ Ronaldo មានអាយុ ២៣ឆ្នាំ ៣ ខែ ៦ ថ្ងៃ។ ចំណែក Messi ចំណាយពេលតិចជាង Ronaldo ដើម្បីរកបានគ្រាប់បាល់ចំនួន ៤១ គ្រាប់ ប៉ុន្តែនៅតែចាញ់ឆ្ងាយជាងសមិទ្ធផលរបស់ Haaland ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះរកបាន ៤១ គ្រាប់ដំបូងក្នុងរដូវកាល ២០០៩/១០ ក្នុងវ័យ ២២ឆ្នាំ ១០ខែ ៦ថ្ងៃ។

ខ្សែប្រយុទ្ធឆ្នើមៗ ផ្សេងទៀតដូចជា Luis Suarez, Lewandowski, Aubameyang, Mohamed Salah ឬ Harry Kane សុទ្ធតែចំណាយពេលយូរជាង Messi និង Ronaldo ដើម្បីរកបានគ្រាប់បាល់បានចំនួន ៤១ គ្រាប់ ក្នុងមួយរដូវកាល។ សូម្បីតែខ្សែប្រយុទ្ធល្បីៗ មួយចំនួនដូចជា Mbappe, Neymar ឬ Griezmann ក៏មិនដែលឈានដល់ចំណុចសំខាន់រកគ្រាប់បាល់បានចំនួន ៤១ គ្រាប់ ក្នុងមួយរដូវកាលដែរ។

ទោះជាយ៉ាងណាក៏ដោយទាំង Ronaldo និង Messi បានរកគ្រាប់បាល់បានច្រើនជាង ៤១ គ្រាប់ក្នុងមួយរដូវកាលជាច្រើនដង ហើយនោះនឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ Haaland នាពេលអនាគត៕