Scolari ទទូចហាម Ronaldo កុំផ្លាស់ទៅលេងលីគមួយនេះ បើមិនចង់ធ្លាក់កូដ

0
731

អតីតអ្នកចាត់ការទូទៅជម្រើសជាតិព័រទុយហ្កាល់លោក Luiz Scolari បានហាមខ្សែប្រយុទ្ធ Cristiano Ronaldo កុំឲ្យផ្លាស់ទៅលេងនៅលីគប្រទេសចិន ដោយលើកហេតុផលថា អតីតម្ចាស់អាវលេខ៧ របស់ Man UTD និង Real Madrid រូបនេះ នឹងលែងក្លាយជាកីឡាករកំពូលលើពិភពលោក ប្រសិនបើគេទៅលេងនៅទីនោះ។​

លោក Scolari ជាគ្រូបង្វឹកដែលមានបទពិសោធន៍ធ្លាប់ដឹកនាំក្លិបនៅលីគកំពូលចិន។ ជាក់ស្ដែង ចន្លោះឆ្នាំ ២០១៥ដល់ ឆ្នាំ២០១៧ លោកធ្លាប់កាន់ការងារជាគ្រូបង្គោលក្រុម Guangzhou Evergrande ហើយធ្លាប់មានស្នាដៃជួយក្រុមមួយនេះ ឈ្នះពានរង្វាន់ធំៗជាច្រើនរួមមានពានក្របខណ្ឌ Chineses Super League ពាន Chinese FA Cup និងពាន AFC Champions League។

កំឡុងពេលផ្ដល់បទសម្ភាសជាមួយនឹងទូរទស្សន៍ Fox Sport លោក Scolari បានបង្ហើបថា Ronaldo ធ្លាប់សួរគាត់ម្ដង ពីបាល់ទាត់នៅប្រទេសចិន។ ហើយពេលនោះ លោកបានតបទៅជម្រើសជាតិព័រទុយហ្កាល់វិញ យ៉ាងដូច្នេះថា៖

ប្រសិនបើអ្នកមកប្រទេសចិន អ្នកនឹងមកលក់រូបភាពរបស់អ្នក។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺសម្រាប់តែឃោសនាទៅដល់មនុស្សរាប់លាននាក់ប៉ុណ្ណោះ ប៉ុន្តែអ្នកត្រូវដឹងចំណុចមួយ បាល់ទាត់ចិន មិនសូវមានប្រជាប្រិយភាពទេ។ ដូច្នេះអ្នកអាច នឹងលែងក្លាយជាកីឡាកឆ្នើមបំផុតលើពិភពលោក។ ហើយប្រសិនបើ នេះជាអ្វីដែលអ្នកចង់ធ្វើ អ្នកអាចមកប្រទេសចិន ហើយអ្នកនឹងក្លាយជាស្ដេចនៅទីនេះរយៈពេល៥ឆ្នាំ៕