Ibrahimovic របួសពេល​ហ្វឹក​ហាត់​ជាមួយ​ Milan

0
548

ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic បាន​ទទួលរងរបួសផ្នែក​ខាង​ក្រោម​កំភួនជើង អំឡុង​ពេល​ធ្វើ​ការ​​ហ្វឹក​ហាត់​ជាមួយ​ក្រុម AC Milan។ នេះ​បើតាម​​សេចក្ដី​រាយ​ការណ៍ជាច្រើន​ពី​សំណាក់​​សារព័ត៌មាន​នៅអ៊ីតាលីកាល​ពី​ថ្ងៃ​ចន្ទ។

តាម​សេចក្ដី​រាយ​ការណ៍របស់​កាសែត Gazzetta dello Sport និង​ទូរទស្សន៍ Sky Sport បាន​ឲ្យ​ដឹង​ថា អតីតកីឡាករ​អន្តរជាតិ​ស៊ុយអែត​រូបនេះ អាច​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សរសៃ​ពួរ​របស់​គេ ខណៈខាង​ក្លិបនៅ​មិន​ទាន់​ចេញ​មក​ពន្យល់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទេ។

កីឡាករ Ibrahimovic វ័យ ៣៨​ ឆ្នាំ បាន​ចំណាយ​ពេល​ហ្វឹក​ហាត់​ខ្លះ​ៗ​​ជាមួយ​​កីឡាករ​របស់​ក្រុម Hammarby ពេល​ស្នាក់​នៅ​ប្រទេស​កំណើត អំឡុង​ពេល​អនុវត្ត​គោលការណ៍​មិន​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩ ហើយ​ពេល​មក​ដល់​អ៊ីតាលីក្នុង​ខែ​នេះ​ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ ១៤​ ថ្ងៃ។ ​

​​កីឡាករ​ Ibrahimovic បាន​ក្លាយជា​សមាជិក​របស់ Milan ជាលើក​ទី​ ២ ដោយមិនមាន​តម្លៃ​ខ្លួនកាល​ពី​ធ្នូ ជាមួយ​នឹង​​កិច្ចសន្យា​រហូត​ដល់​បញ្ចប់​រដូវ​កាល​ ហើយ​មុន​ពេល​ក្រប​ខ័ណ្ឌ​កំពូល Serie A ត្រូវ​បាន​ផ្អាក ក្នុង​ខែ​មីនា ​ដោយសារ​ការ​រំខាន​ពី​វីរុស​កូរ៉ូណា​ រូប​គេ​​ស៊ុត​បញ្ចូល​ទី​បាន ៣​ គ្រាប់​ដែរ ក្នុង​ការ​បង្ហាញ​ខ្លួន​បាន ៨ ​លើក​។​​​

ខ្សែ​ប្រយុទ្ធ​កម្រិត​ពិភពលោករូបនេះ ចាប់​ផ្ដើម​អាជីព​កីឡាករ​បាល់​ទាត់​ដំបូង​ជាមួយក្រុម​នៅ​ស៊ុយ​អែត Malmo មុន​នឹង​ផ្លាស់ទៅ​លេង​ក្រុម​ផ្សេង​ៗ​បន្ត​បន្ទាប់​គ្នា ដូចជា Ajax, Juventus, Inter និង Barcelona ជាដើម តែ​ក្លិប​ដែល​គេ​នៅ​ជាមួយ​យូរ​ជាង​គេ គឺ Paris Saint-Germain នៅ​បារាំង ដោយ​ចំណាយ​ពេល​ដល់​ទៅ ៤ ឆ្នាំ​ ខណៈក្រោយមក​សម្រេច​ទៅ​រួម​រស់​ជាមួយ​ Manchester United នៅ​អង់គ្លេស ២​ រដូវកាល។

មុន​សម្រេច​ចិត្ត​មក​កាន់​ទឹក​ដី​ San Siro ជាថ្មី​ម្ដង​ទៀតនេះ ​ Ibrahimovic បាន​ពាក់​អាវ​របស់​ក្រុម LA Galaxy នៅសហរដ្ឋអាមេរិក រយៈ​ពេល ២០​ ខែ​ដែរ​។

ស្រប​ពេល​ដែលរដ្ឋា​ភិបាល​អ៊ីតាលី និង​អ្នក​រៀប​ចំ​លីក កំពុង​ពិភាក្សា​គ្នា​រិះ​រក​វិធី​ថា តើ​​ពេល​ណានឹង​អាច​ចាប់​ផ្ដើម​ការ​ប្រកួត​ប្រជែង​រដូវកាល​ឡើង​វិញបាន​ ក្រុម AC Milan ក្រោម​ការ​ដឹកនាំ​របស់​លោក Stefano Pioli បាន​ចាប់​ផ្ដើម​ការ​ហ្វឹក​ហាត់វិញ​ហើយ កាល​ពី​សប្ដាហ៍​មុន ហើយ​ក្រុម​មាន​ទី​តាំង​នៅ​ក្រុម​មីឡាន​មួយ​នេះ កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​ ៧ មាន ៣៦ ​ពិន្ទុ ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ ២៦ ​សប្ដាហ៍​៕