បាល់​ទាត់​អ៊ីតាលីងើប​ពី​វិបត្តិ​វីរុស​ ជាមួយ​នឹង​ការ​ប្រកួត​ Italian Cup

0
571

ការ​ប្រកួត​ជើង​ទី​ ២ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Italian Cup ឬ Coppa Italia នា​សប្ដាហ៍​នេះ កំពុង​ត្រៀម​ធ្វើ​ឲ្យ​សកម្មភាព​បាល់​ទាត់​របស់​ប្រទេស​អ៊ីតាលី ងើប​ចេញពី​​វិបត្តិ​វីរុស​កូរ៉ូណា ត្រឡប់​មក​កាន់​​សភាព​ដើមបន្តិច​ម្ដង​ៗ​វិញ តែ​ជាមួយ​នឹង​រយៈ​ពេល ២ ថ្ងៃ រហូត​ដល់​ការ​ចាប់​ផ្ដើម​ តាម​គម្រោង​នៃ​ការ​ប្រកួត​ទាំង​ ២ គូ កំពុង​រង់​​ចាំ​ឲ្យ​មាន​ការ​យល់​ព្រម​ពី​រដ្ឋា​ភិបាល​សិន​​។

ការជួប​គ្នា​​នៅទឹក​ដី​របស់​​ក្រុម​សេះ​បង្កង់ Juventus (Juve) និង​ក្រុម AC Milan (Milan) នៅ​ថ្ងៃ​សុក្រនេះ ត្រូវ​បាន​គេ​និយាយ​​ថា ជា​ការ​ប្រកួត​ប្រជែង​ដំបូង​គេ ដែល​បាន​កើត​ឡើង​ ក្នុង​ប្រទេស​អ៊ីតាលី ចាប់​តាំង​ពី​ប្រទេស​នេះ បាន​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​ការ​កើត​មាន​ជំងឺ​កូវីដ​ ១៩ នៅ​តំបន់​អឺ​រ៉ុប ហើយ​ការ​ចាប់​ផ្តើម​នូវ​អ្វី ដែល​អាជ្ញា​ធរ​បាល់​ទាត់​សង្ឃឹម​ថា នឹង​មានការ​វិល​ត្រឡប់​ទៅ​​រក​ភាព​ប្រក្រតី​វិញ​។

មនុស្ស​ជាង ៣៤ ០០០ នាក់ នៅ​ឧប​ទ្វីប​នេះ បាន​បាត់​បង់​ជីវិត ដោយសារ​វីរុស​នេះ គិត​តាំង​ពី​មាន​វិបត្តិនេះ ចាប់​កើត​មាន ដោយភាគ​ច្រើន​បំផុត អ្នក​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស ដូច​ជា​ Piedmont និង Lombardy ដែលទទួល​ក្រុម Juve និងង​ក្រុម Milan​។

ទោះជា​យ៉ាង​ណា​ បើ​ទោះ​បី​ជា វី​រុស​ដ៏កាច​សាហាវ​ថ្មី​នេះ នៅ​បន្ត​មាន​ ក៏​ប្រទេស​អ៊ីតាលី បាន​ចាប់​ផ្ដើម​សម្រាល​បណ្ដើរ​ៗ​នូវ​​ច្បាប់​បិទ​ទ្វារ​ប្រទេស​ដ៏​តឹង​រ៉ឹង កាល​ពី​ខែ​មុន ហើយ​បាន​ធ្វើ​ចលនា​សន្សឹម​ៗ​ត្រឡប់​ទៅរក​ដំណើរការជាធម្មតា​វិញពេល​ក្រោយ ជាមួយ​នឹង​ការ​ចាប់​ផ្ដើម​វិញ​នូវ​ការ​រៀប​ចំ​ឲ្យ​មាន​​ការ​ប្រកួត​បាល់​ទាត់នេះ​ ជា​សញ្ញា​ថ្មី​ចុង​ក្រោយ ដែល​បង្ហាញ​ថា​ ស្ថាន​ភាព​ដ៏​អាក្រក់​បំផុត គួរ​តែ​អស់​ហើយ​។

ការ​​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​នេះ មើល​ទៅ​ហាក់​​ជា​អាទិភាព​ចម្បង​​សម្រាប់​ក្រុម​ធ្លាក់​ជើង Milan ជាងក្រុម Juve ដែល​ផ្ដោត​ទៅ​លើ​ពាន​ក្រប​ខ័ណ្ឌ Serie A ច្រើន​ជាង។ តែ​ទោះ​ជាយ៉ាង​ណា​គ្រូបង្វឹក​របស់ក្រុម Juve លោក Maurizio Sarri បាន​ប្រាប់​ទូរទស្សន៍​ Sky កាល​ពី​ថ្ងៃ​ពុធ​ថា​ ក្រុម​របស់​លោក​មាន​សំណាង​ ដែល​កំពុង​ប្រជែង​ពាន​ដល់​ទៅ​ ៣ ក្នុងពេល​ផ្សេង​គ្នា ដូចជា​ពាន Italian Cup, Serie A និង​ Champions League ហើយ​ក្រុម​លោក​ នឹង​ប្រឹង​ប្រែង​យក​ពាន​ទាំង​នេះ ដោយ​មិនឲ្យ​របូត​មួយ​ណា​​ឡើយ​។

ជាមួយ​គ្នា​នេះ គ្រូបង្វឹក​វ័យ​ ៦១​ ឆ្នាំ ក៏​ដឹង​ថា​ស្ថានភាព​ពេល​នេះ គឺ​ប្លែក​សម្រាប់​ក្រុមរបស់​លោក​ផងដែរ ​ដោយ​លោក​​ថ្លែង​ថា៖ «ពេល​នេះ ​យើងមិន​​អាចគិត​អ្វី​ផ្សេង ក្រៅ​ពី​​ផ្ដោត​លើ​គោល​ដៅ​រប​ស់​យើង​ ម្ដង​​មួយ​ៗ​ប៉ុណ្ណោះ ព្រោះ​ធ្វើ​អ៊ិចឹង វា​ចំណេញ​ដល់​ពួក​យើង​។ យើង​ត្រូវ​ដឹង​ថា យើង​នឹង​មិនបាន​ប្រកួត ក្នុង​ស្ថានភាព​ដូច​មុន​ឡើយ​។

បន្ទាប់​ពី​មាន​ការ​ផ្អាក​ដ៏​យូរ​បែបនេះ​ យើង​មិន​អាច​សូម្បីតែ​ធ្វើ​ការ​ប្រកួត​ឲ្យ​បាន​ត្រឹម​ត្រូវ ពេល​ហ្វឹក​ហាត់​»​។
លើស​ពី​នេះ មាន​សេចក្ដី​រាយការណ៍​ថា លោក Sarri កំពុង​ប្រយ័ត្ន​ប្រយែង​​ពី​ហានិភ័យ​ចំពោះ​កីឡាករ ដែល​មិនទាន់​រឹងមាំ ១០០​ភាគ​រយ ដូចជា​ខ្សែប្រយុទ្ធ​ Gonzalo Higuain ជា​ដើម​ នឹង​មិន​មាន​ឈ្មោះ​ក្នុងការ​ប្រកួត​ដំបូង​នេះទេ តែ​ដោយ​មាន​កីឡាករ Cristiano Ronaldo, Paulo Dybala និង Douglas Costa អ៊ីចឹង​ រឿង​ស៊ុត​បញ្ចូល​ទី​ អាច​មិនមែន​ជា​បញ្ហា​នោះ​ឡើយ​។ ​

សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ កា​ល​ពី​ជើង​ទី​១ នៅ​ទឹក​ដីរបស់​ក្រុម​​ Milan ស្មើគ្នា ១-១ ដែល​​ការ​ប្រកួត​នាពេល​នោះ គឺ​កីឡាករ Ronaldo ជា​អ្នក​រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ Juve ដោយសារ​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ បាន​សម្រេច នៅ​នាទីទី​៩០​៕