ការប្រកួតជើងទី ២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Italian Cup ឬ Coppa Italia នាសប្ដាហ៍នេះ កំពុងត្រៀមធ្វើឲ្យសកម្មភាពបាល់ទាត់របស់ប្រទេសអ៊ីតាលី ងើបចេញពីវិបត្តិវីរុសកូរ៉ូណា ត្រឡប់មកកាន់សភាពដើមបន្តិចម្ដងៗវិញ តែជាមួយនឹងរយៈពេល ២ ថ្ងៃ រហូតដល់ការចាប់ផ្ដើម តាមគម្រោងនៃការប្រកួតទាំង ២ គូ កំពុងរង់ចាំឲ្យមានការយល់ព្រមពីរដ្ឋាភិបាលសិន។
ការជួបគ្នានៅទឹកដីរបស់ក្រុមសេះបង្កង់ Juventus (Juve) និងក្រុម AC Milan (Milan) នៅថ្ងៃសុក្រនេះ ត្រូវបានគេនិយាយថា ជាការប្រកួតប្រជែងដំបូងគេ ដែលបានកើតឡើង ក្នុងប្រទេសអ៊ីតាលី ចាប់តាំងពីប្រទេសនេះ បានក្លាយជាចំណុចកណ្តាលនៃការកើតមានជំងឺកូវីដ ១៩ នៅតំបន់អឺរ៉ុប ហើយការចាប់ផ្តើមនូវអ្វី ដែលអាជ្ញាធរបាល់ទាត់សង្ឃឹមថា នឹងមានការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។
មនុស្សជាង ៣៤ ០០០ នាក់ នៅឧបទ្វីបនេះ បានបាត់បង់ជីវិត ដោយសារវីរុសនេះ គិតតាំងពីមានវិបត្តិនេះ ចាប់កើតមាន ដោយភាគច្រើនបំផុត អ្នកនៅតំបន់ភាគខាងជើងប្រទេស ដូចជា Piedmont និង Lombardy ដែលទទួលក្រុម Juve និងងក្រុម Milan។
ទោះជាយ៉ាងណា បើទោះបីជា វីរុសដ៏កាចសាហាវថ្មីនេះ នៅបន្តមាន ក៏ប្រទេសអ៊ីតាលី បានចាប់ផ្ដើមសម្រាលបណ្ដើរៗនូវច្បាប់បិទទ្វារប្រទេសដ៏តឹងរ៉ឹង កាលពីខែមុន ហើយបានធ្វើចលនាសន្សឹមៗត្រឡប់ទៅរកដំណើរការជាធម្មតាវិញពេលក្រោយ ជាមួយនឹងការចាប់ផ្ដើមវិញនូវការរៀបចំឲ្យមានការប្រកួតបាល់ទាត់នេះ ជាសញ្ញាថ្មីចុងក្រោយ ដែលបង្ហាញថា ស្ថានភាពដ៏អាក្រក់បំផុត គួរតែអស់ហើយ។
ការប្រជែងដណ្ដើមពានរង្វាន់នេះ មើលទៅហាក់ជាអាទិភាពចម្បងសម្រាប់ក្រុមធ្លាក់ជើង Milan ជាងក្រុម Juve ដែលផ្ដោតទៅលើពានក្របខ័ណ្ឌ Serie A ច្រើនជាង។ តែទោះជាយ៉ាងណាគ្រូបង្វឹករបស់ក្រុម Juve លោក Maurizio Sarri បានប្រាប់ទូរទស្សន៍ Sky កាលពីថ្ងៃពុធថា ក្រុមរបស់លោកមានសំណាង ដែលកំពុងប្រជែងពានដល់ទៅ ៣ ក្នុងពេលផ្សេងគ្នា ដូចជាពាន Italian Cup, Serie A និង Champions League ហើយក្រុមលោក នឹងប្រឹងប្រែងយកពានទាំងនេះ ដោយមិនឲ្យរបូតមួយណាឡើយ។
ជាមួយគ្នានេះ គ្រូបង្វឹកវ័យ ៦១ ឆ្នាំ ក៏ដឹងថាស្ថានភាពពេលនេះ គឺប្លែកសម្រាប់ក្រុមរបស់លោកផងដែរ ដោយលោកថ្លែងថា៖ «ពេលនេះ យើងមិនអាចគិតអ្វីផ្សេង ក្រៅពីផ្ដោតលើគោលដៅរបស់យើង ម្ដងមួយៗប៉ុណ្ណោះ ព្រោះធ្វើអ៊ិចឹង វាចំណេញដល់ពួកយើង។ យើងត្រូវដឹងថា យើងនឹងមិនបានប្រកួត ក្នុងស្ថានភាពដូចមុនឡើយ។
បន្ទាប់ពីមានការផ្អាកដ៏យូរបែបនេះ យើងមិនអាចសូម្បីតែធ្វើការប្រកួតឲ្យបានត្រឹមត្រូវ ពេលហ្វឹកហាត់»។
លើសពីនេះ មានសេចក្ដីរាយការណ៍ថា លោក Sarri កំពុងប្រយ័ត្នប្រយែងពីហានិភ័យចំពោះកីឡាករ ដែលមិនទាន់រឹងមាំ ១០០ភាគរយ ដូចជាខ្សែប្រយុទ្ធ Gonzalo Higuain ជាដើម នឹងមិនមានឈ្មោះក្នុងការប្រកួតដំបូងនេះទេ តែដោយមានកីឡាករ Cristiano Ronaldo, Paulo Dybala និង Douglas Costa អ៊ីចឹង រឿងស៊ុតបញ្ចូលទី អាចមិនមែនជាបញ្ហានោះឡើយ។
សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ កាលពីជើងទី១ នៅទឹកដីរបស់ក្រុម Milan ស្មើគ្នា ១-១ ដែលការប្រកួតនាពេលនោះ គឺកីឡាករ Ronaldo ជាអ្នករកគ្រាប់បាល់តាមស្មើឲ្យ Juve ដោយសារស៊ុតបាល់ពិន័យ ១១ម៉ែត្រ បានសម្រេច នៅនាទីទី៩០៕