Martinez ទទួល​បាន​ការ​ចាប់​អារម្មណ៍ ខណៈក្រុមលោក Conte មាន​សង្ឃឹម​ប្រជែង​ពាន​

0
566

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាហ្សង់ទីន Lautaro Martinez ចាប់​ផ្ដើម​ទទួល​បាន​ការ​អារម្មណ៍​ខ្លាំង ក្រោយ​មាន​ចំណែក​ស៊ុត​ញ្ចូល​ទី ​១ គ្រាប់ ពេល​​ក្រុម​ពស់​ធំ Inter Milan បាន​យក​ឈ្នះ​ក្រុម Sampdoria ២-១​ អំឡុង​ការ​ប្រកួត​នៅឯ​កីឡដ្ឋាន​ San Siro ដែល​ធ្វើ​ឲ្យ​មាន​ឱកាសខ្ពស់​គួរ​សម ​ក្នុង​ការ​ប្រជែង​ពាន​ក្រប​ខ័ណ្ឌ Serie A​ រដូវកាល​នេះ​។

ក្រោយ​ការ​ប្រកួត​ប្រជែង​ បាន​ត្រឡប់មកមាន​សកម្មភាព​​វិញ បន្ទាប់​ពី​ផ្អាក​ដោយសារ​តែ​ការ​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូណា ក្រុម Inter​ ក្នុង​នាម​ជាម្ចាស់​ផ្ទះ​ ចាប់​ផ្ដើម​ការប្រកួត​ដំបូង​របស់​ខ្លួនវិញនៅ​លីក​កំពូល​នេះ​ ជាមួយ​នឹង​ទម្រង់លេង​យ៉ាង​ល្អ ព្រោះ​ការ​ប្រកួត​ដំណើរ​ការ​ទៅ​ត្រឹម​តែ ១០​ នាទី​ប៉ុណ្ណោះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែល​ហ្ស៊ិក Romelu Lukaku ក៏​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​ខ្លួន​នាំ​មុខ ១-០ បាត់​ទៅ​ហើយ ក្រោយ​ពី​​បញ្ចូនបាល់​ឲ្យគ្នា​ទៅវិញ​ទៅ​មកបាន​យ៉ាង​ល្អ (one-two) ជាមួយ​នឹង​ខ្សែ​បម្រើ​ Christian Eriksen របស់​ដាណឺម៉ាក។

បន្ទាប់​មក ក្រុម​របស់​លោក​ Antonio Conte នៅ​តែ​មាន​ប្រៀប​ជាង​ក្រុម​ភ្ញៀវ​ដដែល ហើយសល់ ១២ នាទី មុន​ចប់​ការ​ប្រកួត​វគ្គ​ទី​ ១ កីឡាករ Martinez ដែល​កំពុង​ស្ថិត​ក្នុង​រ៉ាដា​របស់​ក្រុម​អ្នក​មាន​បុណ្យ ​Barcelona នៅ​អេស្ប៉ាញ ក៏​បន្ថែម​គ្រាប់​នាំ​មុខ ១ គ្រាប់​ទៀត ដែល​នេះ​ក៏​ជាគ្រាប់​ដំបូង​របស់​កីឡាករ​វ័យ ២២ ឆ្នាំ​ផងដែរ គិត​តាំង​ពី​ខែ​មករា​មក​។

ចូល​ដល់​វគ្គ​ទី ​២ ខ្សែ​បម្រើ​ Morten Thorsby ជួយ​ឲ្យ​ក្រុម Sampdoria មាន​ទឹក​មាត់​លេប​ឡើង​វិញ បន្ទាប់​ពី​មាន​ឱកាស​ធ្វើ​បាន​សម្រេច ១ គ្រាប់ នៅ​នាទីទី ​៥២ បន្ថយ​ការ​នាំ​មុខ​មក​ត្រឹម ១ គ្រាប់​។ បន្ទាប់​ពី​នោះ ក្រុម​ទាំង​ ២ មិន​អាច​ទម្លុះ​សំណាញ់​ទី​គ្នា​បាន​ឡើយ ធ្វើ​ឲ្យ​លទ្ធផល​​ផ្លូវ​ការ ក្រុម​ Inter Milan ឈ្នះ Sampdoria ២-១​។

ជ័យជម្នះ​នេះ មិនត្រឹម​តែ​ជួយ​ឲ្យ​ក្រុម​ Inter បាន​រំកិល​ទៅ​កៀក​នឹង​ក្រុម​កំពូល​តារាង Juventus ដោយ​តាម​ពី​ក្រោយ ៦ ​ពិន្ទុ​ប៉ុណ្ណោះ​ទេ ថែម​ទាំងបាន​ស្ដារ​មុខ​មាត់​របស់​ខ្លួន​ផង​ដែរ​ពីការ​បរាជ័យ ក្រោម​ថ្វី​ជើង​ក្រុម Napoli កាល​ពី​សប្ដាហ៍​មុន រហូត​ធ្លាក់​ចេញពី​ពាន​រង្វាន់ Coppa Italia ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត​។

ត្រឹម​សប្ដាហ៍​ទី ​២៦ ​នេះ ក្នុង​តារាង​ពិន្ទុ​នៃ​ក្រប​ខ័ណ្ឌ Serie A អ៊ីតាលី ក្រុមនៅ​ទី​កំពូល​ទាំង ​៤ មានក្រុម Juventus ឈរ​នៅ​លេខ​ ១ មាន​ ៦៣ ​ពិន្ទុ, លេខ​ ២ ក្រុម Lazio មាន ​៦២​ ពិន្ទុ, លេខ​ ៣ ក្រុម Inter មាន​ ៥៧​ ពិន្ទុ និង​លេខ​ ៤ ក្រុម​ Atalanta មាន​ ៥១​ ពិន្ទុ។ ចំណែក​ក្រុម​នៅបាតតារាង គឺក្រុម​ Lecce ២៥ ពិន្ទុ, ក្រុម SPAL ១៨​ ពិន្ទុ និងក្រុម​ Brescia ១៦ ពិន្ទុ​៕