Lewandowski ស៊ុត ២ គ្រាប់ ជួយ​ក្រុម​នាំ​មុខ​ដាច់ ​១០ ​ពិន្ទុ

0
697

ក្រុម Bayern Munich ហាក់​មាន​សង្ឃឹម​កាន់​តែ​ខ្ពស់​មែនទែន​ហើយ​ក្នុង​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ Bundesliga ៨ ​សម័យកាល​ជាប់ៗ​គ្នា ក្រោយ​យក​ឈ្នះ​ក្រុម​ក្បែរ​តំបន់​គ្រោះ​ថ្នាក់ Fortuna Dusseldorf ជាមួយ​នឹង​លទ្ធផល ៥-០ ដោយ​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ Robert Lewandowski ​បាន​ស៊ុត​បញ្ចូល​ទី​បាន ​២ គ្រាប់​ម្នាក់​ឯង ក្នុង​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ​នេះ។ ​

សម្រាប់​ការ​ប្រកួត​កាល​យប់​ថ្ងៃ​សៅរ៍​នោះ​ Bayern ក្នុង​នាម​ជា​ក្រុម​ខ្លាំង និង​ជា​ម្ចាស់​ផ្ទះ​ផង​នោះ បាន​ដាក់​សម្ពាធ​ទៅ​ក្រុម Duesseldorf យ៉ាង​ខ្លាំង រហូត​ដល់​មាន​ឱកាស​នាំ​មុខ​បាន​សម្រេច ១-០ នៅ​នាទីទី ​១៥ ដែល​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ (Own-Goal) ពី​សំណាក់​​ខ្សែ​ការពារ Mathias Joergensen របស់​ក្រុម​ភ្ញៀវ មុន​នឹង​កីឡាករ Benjamin Pavard ដែល​ជា​ខ្សែ​ការពារ​ស្ដាំ ស៊ុត​បាន​សម្រេច​នៅ​នាទីទី ​២៩​ ​បន្ថែម​ការ​នាំ​មុខ ១ គ្រាប់​ទៀត​សម្រាប់​ក្រុម​ជើង​ឯក​ចាស់។ ​

ជិត​បញ្ចប់​វគ្គ​ទី​១ ​គឺ​នាទីទី ​៤៣ កីឡាករ Lewandowski បំប៉ោង​សំណាញ់​ទី​គ្រាប់​ទី ​៣ ឲ្យ​ក្រុម Bayern មុន​នឹង​មាន​ឱកាស​បន្ថែម​គ្រាប់​ទី ​៤ ក្នុង​វគ្គ​ទី​២ នាទីទី ​៥០ ខណៈ ២ គ្រាប់​នេះ​បាន​ធ្វើ​​ឲ្យ​កីឡាករ​អន្តរជាតិ​ប៉ូឡូញ​រូប​នេះ រក​បាន ​២៩ ​គ្រាប់ ​ហើយ​នៅ​ក្របខ័ណ្ឌ​ Bundesliga។ ទោះ​នាំ​មុ​ខ ៤-០ ក៏​ក្រុម​ម្ចាស់​ផ្ទះ​មិន​បាន​បន្ធូរ​ជើង​ឲ្យ​ក្រុម​ភ្ញៀវ​ដែរ ហើយ​នៅ​ទី​បំផុត​ខ្សែ​ការពារ​ឆ្វេង Alphonso Davies ក៏​មាន​ឱកាស​រក​បាន​ ​១ គ្រាប់​នឹង​គេ​ដែរ ខណៈវា​ក៏​គ្រាប់​ចុង​ក្រោយ​​សម្រាប់​ការ​ប្រកួត​នេះ​ផង​ដែរ ដូច្នេះ​លទ្ធផល​ផ្លូវ​ការ​ក្រុម ​Bayern Munich ឈ្នះ Fortuna Dusseldorf ៥-០​។

ក្រោយ​ដណ្ដើម​បាន ៣ ​ពិន្ទុ ​ពី​ការ​ប្រកួត​សប្ដាហ៍​ទី ២៩​ នេះ ធ្វើ​ឲ្យ​លោក​គ្រូ​បង្វឹក Hansi Flick ដឹកនាំ​ក្រុម​ឈ្នះ​ជា​លើក​ទី ​២២ ក្នុង​ចំណោម ២៥ ​ប្រកួត​ដំបូង ដោយ​ស្ថិតិ​នេះ គឺ​ប្រសើរ​ជាង​ស្ថិតិ​របស់​លោក Pep Guardiola ដែល​ចាប់​ផ្ដើម​ចូល​មក​កាន់​​តំណែង​កាល​ពី​ឆ្នាំ ​២០១៣ ហើយ​អ្វី​ដែល​សំខាន់ គឺ​ជ័យជម្នះ​នេះ​អាច​បន្ថែម​គម្លាត​នាំ​មុខ​រហូត​ដល់​ ​១០ ​ពិន្ទុ ពី​លើ​ក្រុម​លេខ ​២ Borussia Dortmund ដែល​​ប្រកួត​តិច​ជាង ​១ លើក​។​

លោក Flick ដែល​មក​ធ្វើ​តួនាទី​ជំនួស​លោក Niko Kovac កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​បាន​និយាយ​ថា​៖ «​ស្ថិតិ ឬ​កំណត់ត្រា​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​នោះ​ទេ អ្វី​ដែល​សំខាន់ គឺ​ក្រុម​មាន​រដូវកាល​ដ៏​ជោគជ័យ​មួយ​។ នៅ​ជាមួយ​ក្រុម​ Bayern Munich អ្នក​រំពឹង​ឈ្នះ​តែ​ម៉្យាង​ប៉ុណ្ណោះ។ ខ្ញុំ​សប្បាយ​ចិត្ត ដែល​យើង​ធ្វើ​ការ​គាប​សង្កត់​បាន​យ៉ាង​ល្អ និង​មិន​បើក​ឱកាស​ឲ្យ​ពួក​គេ​សូម្បី​បន្តិច​ក្នុង​ការ​ប្រកួត​នេះ ហើយ​សង្ឃឹម​ថា នឹង​បន្ត​ធ្វើ​បាន​ល្អ​បែប​នេះ​ ក្នុង​ការ​ប្រកួត​បន្ត​បន្ទាប់​ទៀត​»​។

ខណៈ​ការ​ប្រកួត​នៅ​សល់​តែ ​៥ ​​សប្ដាហ៍​ទៀត​​ នឹង​បញ្ចប់​បាន​ធ្វើ​ឲ្យ Bayern Munic ​ក្រុម​​ដែល​មាន​រហស្សនាម​ថា «​Star of the South» មាន​ឱកាស​​កាន់​តែ​ខ្ពស់​ឡើងៗ ​ក្នុង​ការ​លើក​ពាន​លីក​កំពូល​របស់​អាល្លឺម៉ង់ ៩ ​រដូវកាល​ជាប់ៗ​គ្នា ក៏​ដូច​ជា​លើក​ទី ​៣០ ក្នុង​ប្រវត្តិសាស្រ​របស់​ក្លិប​ផង​ដែរ ពោល​គឺ​ច្រើន​ជាង​ក្លិប​ណា​ៗ​ទាំង​អស់ គិត​ចាប់​តាំង​ពី​លីក​កំពូល​មួយ​​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​១៩៦៣​។

លទ្ធផល​គូផ្សេង​ៗ ដែល​ប្រកួត​ក្នុង​ថ្ងៃ​ជាមួយ​គ្នា គឺ​ក្រុម Freiburg ប្រកួត​ចាញ់​ក្រុម Bayer Leverkusen ០-១, ក្រុម Hertha BSC ប្រកួត​ឈ្នះ​ក្រុម Augsbur ២​-​០, ក្រុម Mainz 05 បរាជ័យ​ក្នុង​ផ្ទះ​ខ្លួន​ឯង​​​ក្រោម​​ថ្វី​ជើង​ក្រុម Hoffenheim ០​-​១, ក្រុម Schalke 04 ចាញ់​ក្រុម Bremen ០​-១ រី​ឯ​ក្រុម​ម្ចាស់​ផ្ទះ Wolfsburg ចាញ់​ក្រុម​ភ្ញៀវ Frankfurt ១-២​៕