Liverpool ឈរ​ទី១ នៅ Premier League ក្នុង​ការ​ចំណាយ​ប្រាក់​ឲ្យ​ភ្នាក់​ងារ

0
667

ហង្ស​ក្រហម Liverpool គឺ​ជា​ក្លិប​​ដែល​ចំណាយ​ច្រើន​ជាង​ក្រុម​ណា​ទាំង​អស់​ នៅ​ក្រប​ខ័ណ្ឌ​ Premier League ទៅ​ឲ្យ​ភ្នាក់​ងារ​របស់​កីឡាកររយៈ​ពេល ៣ ​ឆ្នាំ​ជាប់​ៗ​គ្នា។ នេះ​បើ​យោង​តាម​លទ្ធផល​បូ​កសរុប ដែល​ចេញ​ផ្សាយ​ដោយ​សហព័ន្ធ​បាល់​ទាត់​អង់គ្លេស FA កាល​ពី​ថ្ងៃ​ពុធ។

របាយ​ការណ៍​ចុង​ក្រោយ​របស់ FA នេះ គឺ​បូក​បញ្ចូល​គ្នាទាំង​ទី​ផ្សារ​​ដោះ​ដូរ​កីឡាករ​រដូវ​ក្ដៅ ឆ្នាំ​ ២០១៩ និង​អំឡុង​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ នៅ​ខែ​មករា ឆ្នាំ​២០២០ ដោយ​ទាំង​២​ដង​នោះ ក្រុម​ដែល​កំពុង​មាន​ពិន្ទុ​នាំមុខ​គេ Liverpool បាន​ចំណាយ ៣០,៣ លាន​ផោន ($៣៧,៦​លាន​) ទៅ​ឲ្យ​ភ្នាក់​ងាររបស់​កីឡាករ​។

កិច្ច​សន្យា​ដ៏​ធំ​របស់​ក្រុម​ហង្សក្រហម ជុំវិញ​ការ​ចំណាយ​នោះ គឺ​ការ​ចុះ​ហត្ថ​លេខា​យក​ខ្សែ​បម្រើ​ស្លាប​​សញ្ជាតិ​ជប៉ុន Takumi Minamino ពី​ក្រុម Salzburg ក្នុង​តម្លៃ ៧,​២ លាន​ផោន (ជិត $​៩ លាន) កាល​ពី​ខែ​មករា តែ​យ៉ាង​ណា​ការ​បង់​ថ្លៃ​ឲ្យ​ភ្នាក់​ងារ​ជាសរុប គឺ​តិច​ជាង ៤៤ លាន​ផោន (ជាង ៥៤ លាន​ដុល្លារ) ដែល​ក្រុមមាន​រហស្សនាមថា The Reds នេះ បាន​ចំណាយ​កាល​ពី​ឆ្នាំ​មុន​ៗ​។

ក្លិប​ដែល​បាន​ចំណាយ​ប្រាក់​ឲ្យ​ទៅ​ភ្នាក់ងារកីឡាករ​ច្រើន​ជាង នៅ​ទី​កំពូល​ទាំង​ ៤ រួម​មាន​ក្រុម Liverpool, Manchester City ២៩ លាន​ផោន (ជាង ៣៦​ លាន​ដុល្លារ​),​ Manchester United ២៧,៦ លានផោន (ជាង ៣៤ លាន​ដុល្លារ​) និង Chelsea ២៦,២ លានផោន (ជាង ៣២ លាន​ដុល្លារ)។

ចំណែក​ក្រុម Burnley គឺ​ចំណាយ​ទាប​ជាង​គេ​បំផុត ក្នុង​ចំណោម​ក្លិប​ទាំង ​២០ នៅ​ក្រប​ខ័ណ្ឌកំពូល Premier League ដោយ​ប្រើ​ប្រាស់​ទឹក​ប្រាក់​ត្រឹម​តែ ៣,៩ លាន​ផោន​ (ជិត ៥លាន​ដុល្លារ​)៕