យោងតាមប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្លិបមេឃខៀវ Manchester City បានធ្វើការទាក់ទងទៅក្លិប Barcelona ពិភាក្សាផ្ទេរយកខ្សែការពារស្លាបស្ដាំ Sergi Roberto។
Roberto ធ្លាប់ធ្វើការ ជាមួយគ្រូបង្គោលក្រុម Man City លោក Pep Guardiola ម្ដងរួចទៅហើយ កំឡុងឆ្នាំ២០១២។ ប៉ុន្តែកាលនោះខ្សែការពារវ័យ២៨ឆ្នាំ ត្រូវបានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ផ្ដល់ឱកាសឲ្យចូលលេងក្នុងក្រុមឈុតធំរបស់ Barcelona បាន៦ប្រកួតប៉ុណ្ណោះ។
ក្រោយពីលោកPep ចាកចេញពី Barca ទៅដឹកនាំក្រុម Bayern Munich កីឡាករ Roberto បានចាប់ផ្ដើមអភិវឌ្ឍន៍ក្លាយជាកីឡាករសំខាន់ម្នាក់ ក្នុងក្រុមយក្សតំបន់កាតាឡាន់ ដោយរូបគេ អាចលេងក្នុងតំណែងខ្សែបម្រើផង និងខ្សែការពារស្លាបផង។
យ៉ាងណាមិញ របាយការណ៍របស់កាសែត Mundo Deportivo បានបញ្ជាក់ថា លោក Pep មានបំណងចង់រួមការងារជាមួយ Roberto ម្ដងទៀតនៅកីឡដ្ឋាន Etihad។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលបានបន្ថែមទៀតថាក្លិប Man City បានធ្វើការទាក់ទងទៅ Barcelona រួចរាល់ហើយ ជុំវិញការចរចាផ្ទេរយកម្ចាស់អាវលេខ២០រូបនេះ នៅពេលទីផ្សារដោះដូរ រដូវក្ដៅបើកទ្វារ។
គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ Roberto បង្ហាញខ្លួនឲ្យក្លិបជើងឯក La Liga ២៦សម័យ បានចំនួន២៩ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដង៕