ក្លិប Manchester United បានចូលខ្លួនទៅប្រជែងជាមួយ Real Madrid និង Atletico Madrid ក្នុងការបង្ហាញចំណាប់អារម្មណ៍ចង់បានទៅលើខ្សែការពាររបស់ Real Valladolid កីឡាករ Mohammed Salisu។
Mohammed Salisu គឺជាកីឡាករមួយរូបដែលបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងក្របខណ្ឌ La Liga នៅរដូវកាលនេះ ដោយបានទាក់ចិត្តក្លិបធំៗជាច្រើនឲ្យតាមប្រមាញ់រូបគេ។
កុងត្រារបស់កីឡាករវ័យ២១ឆ្នាំ ជាមួយក្លិប Valladolid មានសុពលភាពរហូតដល់ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែតម្លៃនៃការទិញផ្ដាច់កុងត្រារបស់គេគឺត្រឹមតែ១០លានផោនប៉ុណ្ណោះ នេះបើតាម AS។ ប្រភពដដែលបន្តឲ្យដឹងថា Valladolid គ្រោងបន្តកុងត្រាឲ្យ Salisu ដើម្បីបង្កើនតម្លៃផ្ដាច់កុងត្រារបស់គេ។
ខ្សែការពារជម្រើសជាតិហ្គាណា Salisu បង្ហាញខ្លួនក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ បានចំនួន២៧ប្រកួត នៅរដូវកាលនេះ ក្នុងនោះគេក៏រកបានគ្រាប់បាល់១គ្រាប់ផងដែរ ក្នុងការប្រកួតជាមួយក្រុម Eibar កាលពីខែតុលា។
គួរឲ្យដឹងដែរថា កីឡាករជំនាញជើងឆ្វេង Salisu បានចូលលេងឲ្យក្រុមជម្រើសហ្គាណាឈុតធំ ក្នុងការប្រកួត African Cup of Nations កំឡុងខែវិច្ឆិកា ឆ្នាំមុន និងបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍៕