កំពូលខ្សែប្រយុទ្ធឆ្នើម Neymar បានប្រាប់ទៅកាន់ក្លិប Paris Saint-Germain ថាគេមិនចង់បន្តកុងត្រាថ្មីជាមួយនឹងក្លិបនោះទេ ដោយគេចង់ផ្លាស់ត្រឡប់មកចូលរួមជាមួយ Barcelona វិញ។
កីឡាករជម្រើសជាតិប្រេស៊ីល បានក្លាយជាកីឡាករដែលមានតម្លៃខ្លួន ថ្លៃជាងគេបំផុតនៅលើលោក ក្រោយចាកចេញពីកីឡដ្ឋាន Camp Nou មកលេងនៅកីឡដ្ឋាន Parc des Princes ក្នុងតម្លៃនៃការផ្ទេរ ១៩៨លានផោន កាលពី៣ឆ្នាំមុន។
យ៉ាងណាមិញ មានព័ត៌មានលេចឭមកជាច្រើនជុំវិញអនាគតរបស់គេ ដែលថានឹងអាចត្រឡប់មកលេងនៅទឹកដីអេស្ប៉ាញវិញ ដោយ Barcelona ចង់បានរូបគេទៅចាប់ដៃគូជាមួយ Lionel Messi និង Luis Suarez ជាថ្មីម្ដងទៀត។
សេចក្ដីរាយការណ៍កាលពីពេលថ្មីៗបានឲ្យដឹងថា Neymar ខិតជិតនឹងបន្តកិច្ចសន្យាថ្មីជាមួយក្លិបមានមូលដ្ឋាននៅរដ្ឋធានីរបស់ប្រទេសបារាំងទៅហើយ ប៉ុន្តែបើតាមសារព័ត៌មានអេស្ប៉ាញ Sport បានចុះផ្សាយថា គេនឹងផ្លាស់ចេញពី PSG នៅទីផ្សាររដូវក្ដៅនេះ ហើយនឹងបដិសេធចំពោះការបន្តកុងត្រាថ្មី។
កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ២៨ឆ្នាំ ជាមួយក្លិប PSG មានសុពលភាពរហូតដល់ឆ្នាំ២០២២ ប៉ុន្តែភាគីខាងក្លិបចង់បន្ថែមបន្តរយៈពេលប៉ុន្មានទៀត ដើម្បីបង្កើនតម្លៃនៃការទិញផ្ដាច់កុងត្រា ក្នុងគោលបំណងរក្សាទុក Neymar ឲ្យនៅបានយូរបន្តទៀត។
គួរឲ្យដឹងដែរថាបើទោះបីជាមានបញ្ហារបួសបន្តិចមែន ប៉ុន្តែកំឡុងពេលលេងឲ្យ PSG ចំនួន៨០ប្រកួត Neymar អាចរកគ្រាប់បាល់បានដល់ទៅ ១០៨គ្រាប់ ឯណោះ៕