Manchester City បានរៀបចំកុងត្រាថ្មីរួចហើយសម្រាប់កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Phil Foden។ កីឡាករវ័យ២០ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងល្អមែនទែន ជាពិសេស Phil Foden បានរកគ្រាប់បានទាំងពីរជើងក្នុងការប្រកួតទល់ជាមួយ Borussia Dortmund។ ក្នុងរដូវកាលនេះ Phil Foden បង្ហាញខ្លួនបាន ៤០ប្រកួត រកគ្រាប់បាល់បាន១៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៩ដង ក្នងនាមជាខ្សែរបម្រើ។
គួរបញ្ជាក់ផងដែរថាកុងត្រាចាស់របស់ Phil Foden នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៤ រួមជាមួយនឹងតម្លៃខ្លួន ៣ម៉ឺនផោន (៤ម៉ឺនដុល្លា) ក្នុង១សប្តាហ៍ ចំណែកឯកុងត្រាថ្មីដែល Manchester City រៀបចំនោះគឺ Phil Foden ត្រូវបន្តលេងនៅទឹកដី Etihad Stadium រហូតដល់ឆ្នាំ២០២៦ រួមជាមួយនឹងតម្លៃខ្លួន ១០ម៉ឺនផោន (១៣ម៉ឺនដុល្លា) ក្នុង១សប្តាហ៍៕