Pogba និង Greenwood ជួយ Man UTD បាន៣គ្រាប់យក៣ពិន្ទុ ឡើងកាន់តែកៀកចំណត់ថ្នាត់លេខ៤

0
886

ក្រុមបិសាចក្រហម Manchester United បានបន្តភាពមិនដែលចាញ់របស់ខ្លួន គិតត្រឹម១៧ប្រកួតចុងក្រោយ ដោយកាលពីយប់មិញនេះ នៅកីឡដ្ឋាន Villa Park ពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផលយ៉ាងគាប់ប្រសើរ ៣ទល់នឹង០។

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ គិតត្រឹមតង់ទី១ មានគ្រាប់កើតឡើងចំនួន២គ្រាប់ ដែលជាគ្រាប់នាំមុខរបស់ក្រុមលោក Ole Gunnar Solskjaer ក្នុងនោះគ្រាប់ទី១​ជាការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែបម្រើកំពុងឡើងកូដ Bruno Fernandes ចំណែកឯគ្រាប់ទី២ ជាការបាញ់១ជើងស្ដាំយ៉ាងស្រួចពីលើដំបូលទូក ដោយខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Mason Greenwood ។

លុះឈានចូលដល់ទី២ នៅនាទីទី៥៨ ម្ចាស់អាវលេខ៦ Paul Pogba បានសម្រេចគ្រាប់ទី៣ឲ្យ Man UTD ក្រោយទទួលបានបាល់ពីដៃគូយល់ចិត្ត Bruno Fernandes។ យ៉ាងណាមិញ ១គ្រាប់នេះ ជាគ្រាប់ទី១ហើយរបស់ Pogba សម្រាប់រដូវកាល២០១៩/២០​ ក្នុងចំណោមការបង្ហាញខ្លួន១៤ប្រកួត។

តាមយរយៈជ័យជម្នះនេះ បានជួយក្រុម Man UTD រក្សាគម្លាតត្រឹមតែ១ពិន្ទុ ប៉ុណ្ណោះ ពីក្រុមលេខ៤ Leicester City និងដេញពីក្រោយក្រុមលេខ៣ Chelsea ចំនួន២ពិន្ទុ។

គួរឲ្យដឹងដែរថា Man UTD បានក្លាយជាក្រុមដំបូងគេ បង្អស់ក្នុងប្រវត្តិសាស្រ្តក្របខណ្ឌ Premier League ដោយស៊ុតយកឈ្នះ ទៅលើគូប្រកួតបានចាប់ពី៣គ្រាប់ឡើង ក្នុងការប្រកួតចំនួន៤លើកជាប់ៗគ្នា៕