ការប្រកួតប្រជែងបាល់ទាត់ក្របខ័ណ្ឌ Premier League អង់គ្លេសត្រឡប់មកវិញហើយនៅថ្ងៃពុធ ក្រោយពីផ្អាកសកម្មភាពរបស់ខ្លួនទាំងបង្ខំរយៈពេល ៣ ខែ ដោយសារតែការផ្ទុះឡើងនូវវីរុសកូរ៉ូណា ខណៈការចាប់ផ្ដើមឡើងវិញនេះ នឹងរឿងរ៉ាវមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍។
ដោយជាក់ស្ដែងគ្មានអ្វី នឹងមករារាំងក្រុមហង្សក្រហម Liverpool មិនឲ្យក្លាយជាម្ចាស់ជើងឯកលីកកំពូលនេះ ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ៣០ ឆ្នាំនោះឡើយ ដូច្នេះបញ្ហាក្រុមដែលនឹងក្លាយជាម្ចាស់ពាន មិនជាធំដុំអ្វីទេ តែនៅមានរឿងច្រើនគគោកផ្សេងទៀត ដែលត្រូវដោះស្រាយរួមមានការប្រកួតប្រជែងដើម្បីគេចឲ្យផុតពីតំបន់ត្រូវកាត់ចូល និងការដណ្ដើមកៅអីសម្រាប់តំបន់អឺរ៉ុប។
បច្ចុប្បន្ន ក្រុម Liverpool នាំមុខដាច់ ២៥ ពិន្ទុ លើក្រុមលេខ ២ Manchester City ខណៈការប្រកួតនៅសល់តែ ៩ លើកទៀត នឹងបញ្ចប់ជាស្ថាពរហើយ។ ដូច្នេះបើគិតពីគម្លាតនេះ វាមិនពិបាកក្នុងការនិយាយថា ក្រុមដែលដឹកនាំដោយលោក Jurgen Klopp គឺជាជើងឯកក្របខ័ណ្ឌ Premier League លើកដំបូង គិតតាំងឆ្នាំ ១៩៩០ នោះទេ តែគ្រាន់តែថា ដោយសារជំងឺកូវីដ ១៩ បានពន្យារការធ្វើពិធីអបអររបស់ពួកគេតែប៉ុណ្ណោះ ហើយសំខាន់នោះ គឺប្រសិនបើប្រារព្ធពិធីឈ្នះពានរង្វាន់ អាចនឹងគ្មានសម្លេងទះដៃរបស់អ្នកគាំទ្រក៏ថាបាន។
ពាក់ព័ន្ធនឹងរឿងពិធីលើកពានដោយអត់មានវត្តមានអ្នកគាំទ្រ ប្រធានក្រុមហង្សក្រហម កីឡាករ Jordan Henderson ដែលធ្លាប់ស្គាល់រសជាតិកាន់ពានក្របខ័ណ្ឌ Champions League បង្ហាញដល់អ្នកគាំទ្រដ៏ណែនណាន់តាន់តាប់ នាក្រុងម៉ាឌ្រីដ កាលពីចុងខែមិថុនា ឆ្នាំមុន បាននិយាយប្រាប់បណ្ដាញព័ត៌មាន BBC ថា៖ «ប្រាកដណាស់ វានឹងមានអារម្មណ៍ខុសពីធម្មតាជាក់ជាមិនខាន ព្រោះប្រសិនបើ អ្នកពានរង្វាន់អ្វី ១ ហើយកាន់វានៅក្នុងដៃ ដោយអត់មានអ្នកគាំទ្រនៅទីនោះ វានឹងមានភាពចម្លែកបន្តិច»។
ការប្រកួតប្រជែងដែលមិនគួរឲ្យផុតពីក្រសែភ្នែក គឺយុទ្ធនាការដណ្ដើមតំណែងក្រុមកំពូលទាំង ៤ (Top4) ដែលអាចបន្លាយរហូតដល់ក្រុមឈរនៅលេខ ៥ ផងដែរ។ ក្រុម Liverpool បានធានាកៅអី ១ រួចហើយសម្រាប់ក្របខ័ណ្ឌ Champions League ខណៈ ៣ ក្រុមផ្សេងទៀត ដែលកាន់កាប់កៅអីនេះ បណ្ដោះអាសន្ន គឺក្រុម Manchester City, Leicester និង Chelsea។
តែបញ្ហាត្រង់ថា ក្រុម Man City មិនអាចចូលរួមការប្រកួតប្រជែងកម្មវិធីរបស់អឺរ៉ុបមួយទេ រយៈពេល ២ រដូវកាល ក្រោយត្រូវបានពិន័យពីបទរំលោភច្បាប់ចំណូលចំណាយ ហើយបើទោះជាក្រុមរបស់លោក Pep Guardiola បានប្ដឹងឧទ្ធរណ៍ក៏ដោយ ក៏រដូវកាលក្រោយ នៅតែមិនត្រូវបានអនុញ្ញាតិឲ្យចូលរួមដែរ ខណៈការពិន័យនោះត្រូវបានកែប្រែ។
ប្រសិនបើដូចការអះអាងខាងលើ នោះមានន័យថា ក្រុមណាដែលបញ្ចប់នៅចំណាត់ទី ៥ នឹងទទួលបានសិទ្ធិទៅលេងវគ្គជម្រុះ Champions League រដូវកាលក្រោយ ខណៈបច្ចុប្បន្ន ក្រុមបិសាចក្រហម Manchester United កំពុងកាន់កាប់ទីតាំងនេះ តែក្រុម Wolverhampton និង Sheffield United តាមពីក្រោយក្រុមដែលដឹកនាំដោយ Ole Gunnar Solskjaer តែ ២ពិន្ទុប៉ុណ្ណោះ ហើយសូម្បីក្រុមនៅចំណាត់ទី ៨ និងទី ៩ Tottenham និង Arsenal ក៏សង្ឃឹមថា នឹងមានឱកាសបញ្ចប់នៅចំណាត់ថ្នាក់នេះដែរ បើទោះមានតិចតួចក្ដី។
ងាកមកសង្គ្រាមលើទីលានវាលស្មៅដែលមិនគួរមើលរំលងមួយទៀត គឺការប្រជែងឲ្យរួចផុតពីតំបន់គ្រោះថ្នាក់ ដោយពេលនេះ ក្រុម Norwich, Aston Villa និង Bournemouth កំពុងឈរនៅបាតតារាងតាមលំដាប់លំដោយ តែទាំង ៣ ក្រុម នៅមានសង្ឃឹមថា អាចគេចផុតពីការធ្លាក់ទៅលីកលំដាប់ក្រោម ព្រោះមានគម្លាតតែ ៦ ពិន្ទុ ពីក្រុមដែលស្ថិតនៅទីសុវត្ថិភាព៕