Real Madrid ផ្ដាំទៅ Arsenal បើចង់បាន Dani Ceballos ត្រូវចំណាយលុយ៤៤លានផោន

0
587

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបកាំភ្លើងធំ​ Arsenal ត្រូវចំណាយប្រាក់ចំនួន៤៤លានផោន (ឬប្រមាណ ៥៤លានដុល្លារ) ប្រសិនបើពួកគេចង់រក្សាខ្សែបម្រើ Dani Ceballos បន្តនៅកីឡដ្ឋាន Emirates ។

របាយការណ៍របស់កាសែត AS បានបញ្ជាក់ថា ក្លិបអធិរាជស Real Madrid នឹងមិនដាក់ខ្សែបម្រើ Ceballos ឲ្យ Arsenal ខ្ចីជើងទៀតនោះទេ ដោយសារតែបច្ចុប្បន្នក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុ ដែលបង្ករឡើងដោយ ជំងឺកូវីដ១៩។

ក្លិបយក្សអេស្ប៉ាញ ចង់នាំយក Ceballos រួមជាមួយនឹងកីឡាករផ្សេងៗទៀត ដែលខ្លួនដាក់ឲ្យក្រុមផ្សេងខ្ចីជើង ត្រឡប់មកកីឡដ្ឋាន Bernabeu វិញ ដោយសារតែក្លិប មិនមានគម្រោងចំណាយលុយទិញ កីឡាករថ្មីៗមករួមក្រុម។

យ៉ាងណាមិញ អ្នកចាត់ការទូទៅក្រុម Real Madrid លោក Zinedine Zidane អាចនឹងពិចារណា បញ្ចេញ Ceballos ផ្ដាច់តែម្ដង ក្នុងតម្លៃសមរម្យណាមួយ។

យោងតាមប្រភពខាងលើ ក្លិបជើងឯក Champions League ១៣សម័យ ត្រៀមទទួលសំណើដេញថ្លៃ ចាប់ពីតម្លៃ៤៤លានផោន សម្រាប់ការផ្ទេរ ខ្សែបម្រើប្រយុទ្ធដែលខ្ចីជើងទៅលេងនៅ Arsenal កាលពីរដូវក្ដៅឆ្នាំមុនរូបនេះ។

Ceballos បង្ហាញខ្លួនបាន២៤ប្រកួតឲ្យក្រុមកាំភ្លើងធំ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងរដូវកាល ២០១៩/២០ ហើយអ្នកចាត់ការទូទៅក្រុម Arsenal លោក Mikel Arteta មានបំណងចង់រក្សាទុករូបគេ នៅទឹកដីភាគខាងជើងទីក្រុងឡុងដ៍បន្តទៀត។

 

គួរឲ្យដឹងថា ក្រៅពីចង់រក្សាទុកខ្សែបម្រើសញ្ជាតិអេស្ប៉ាញ លោក Arteta ត្រូវបានគេរាយការណ៍មកថា ក៏កំពុងនឹងតាមប្រមាញ់យកម្ចាស់អាវលេខ១០របស់ក្រុម Chelsea កីឡាករ Willian ដោយមិនមានតម្លៃខ្លួនផងដែរ ឆ្លៀតពេលជម្រើសជាតិប្រេស៊ីលរូបនេះ ផុតកុងត្រានៅកីឡដ្ឋាន Stamford Bridge នារដូវក្ដៅខាងមុខ៕