Gianluigi Buffon កីឡាករ Juventus ចង់លេងបាល់ដល់អាយុ៥០ឆ្នាំ

0
777

វីរបុរសជម្រើសជាតិអ៊ីតាលីលោក Francesco Totti បាននិយាយថា អ្នកចាំទីដៃទី១ របស់ក្លិបសេះបង្កង់ Juventus កីឡាករ Gianluigi Buffon ចង់បន្តលេងបាល់រហូតដល់គាត់មានវ័យ៥០ឆ្នាំ។

បច្ចុបប្បន្ន Buffon មានអាយុ៤២ឆ្នាំ ហើយកុងត្រារបស់គេ នៅកីឡដ្ឋាន Allianz Stadium ដំណើរការរហូតដល់បំណាច់រដូវកាលក្រោយ។ យ៉ាងណាមិញ អតីតខ្សែប្រយុទ្ធក្រុម Roma លោក Totti ជឿជាក់ថា Buffon មិនព្យួរស្រោមដៃរបស់ខ្លួនត្រឹមឆ្នាំ២០២១នោះទេ ដោយអ្នកគាំទ្រនឹងបន្តឃើញគាត់លេង យ៉ាងហោចណាស់ ២ទៅ៣ឆ្នាំទៀត។

Totti បាននិយាយពី Buffon យ៉ាងដូច្នេះថា៖

“ខ្ញុំប្រាប់អ្នកប៉ុណ្ណេះចុះ Gigi (Buffon) គាត់ចង់លេងបាល់រហូតដល់គាត់អាយុ៥០ឆ្នាំ។ ប៉ុន្តែគាត់ប្រហែលជាអាចលេងបានត្រឹម២ទៅ៣រដូវកាលទៀតប៉ុណ្ណោះ។”

គួររម្លឹកផងដែរថា Juventus បានផ្លាស់យក Buffon ពីក្លិប Parma មកកាន់ទឹកដី Turin តាំងពីឆ្នាំ២០០១មកម្ល៉េះ ដោយក្នុងឆ្នាំ២០១៨ គេបានចែកផ្លូវជាមួយក្លិបយក្សនៅ Serie A មួយដង ទៅចូលរួមជាមួយក្លិប​ Paris Saint-Germain ប៉ុន្តែដល់ខែកក្កដា ឆ្នាំ២០១៩ គេក៏ត្រឡប់មកចាំទីឲ្យ Juventus វិញ។

ទោះជាយ៉ាងណា គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្រុមរហ័សនាមសេះបង្កង់បាន ៦៦៧ប្រកួត ក្នុងនោះគេជួយក្រុមឈ្នះពាន Serie A បានចំនួន៩ដង រួមជាមួយពានក្នុងស្រុកជាច្រើនទៀត៕