ប្រសិនបើ Salah ចាកចេញ ក្រុមហង្សក្រហមនឹងពិចារណាទៅលើ Suarez

0
648

ខ្សែប្រយុទ្ធ Luis Suarez អាចនឹងវិលត្រឡប់ទៅ Liverpool វិញ ប្រសិនបើកីឡាករ Mohamed Salah ចាកចេញពីក្លិប នៅរដូវក្ដៅខាងមុខ ដោយជម្រើសជាតិអេហ្ស៊ីបរូបនេះ ទទួលបានការចាប់អារម្មណ៍ពី Barcelona, Real Madrid និង Paris Saint-Germain។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Fichajes.net បានឲ្យដឹងថា លោក Jurgen Klopp ចង់បានខ្សែប្រយុទ្ធសម្បូរបទពិសោធន៍ខាងលើ មករួមក្រុមឲ្យបានមុនរដូវកាលក្រោយ ក្រោយមើលឃើញ Roberto Firmino និង Sadio Mane ហាក់ធ្លាក់ទម្រង់លេងនៅមួយរយៈចុងក្រោយ។

បើទោះជាបច្ចុប្បន្ន Suarez មានវ័យ៣៤ឆ្នាំហើយក៏ដោយ ប៉ុន្តែរូបគេ មិនបានបង្ហាញសញ្ញាណាមួយថា ទម្រង់លេងរបស់គេថមថយនោះឡើយ ជាក់ស្ដែងរដូវកាលនេះ គេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងក្រុម Atletico Madrid ដោយខ្លាចំណាស់ជម្រើសជាតិអ៊ុយរ៉ាហ្កាយរូបនេះ រកបាន១៩គ្រាប់ ក្នុងចំណោម២៥ប្រកួត។ ជាពិសេសគេបានរួមចំណែកជួយ At. Madrid គ្រងកំពូលតារាង La Liga ទៀតផង គិតត្រឹមសប្ដាហ៍ទី២៨នេះ។

គួររម្លឹកដែរថា​ Suarez ធ្លាប់ជាតួសំខាន់ម្នាក់ប្រចាំក្រុម Liverpool ពោលគេរយៈពេល៣ឆ្នាំនៅទឹកដី Anfield គេរកបានដល់ទៅ៨២គ្រាប់ ក្នុចំណោម១៣៣ប្រកួត គិតគ្រប់កម្មវិធីទាំងអស់៕