សហព័ន្ធបាល់ទាត់អ៊ីតាលី FIGC បានប្រកាសសំរេចយកថ្ងៃទី២០ ខែសីហាគឺជាថ្ងៃបិទបញ្ចប់រដូវកាលអោយបាន ខណៈរដូវកាលថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា។ រដូវកាលបច្ចុប្បន្នត្រូវបានផ្អាកតាំងពីពាក់កណ្តាលខែមីនា ដោយសារតែការផ្ទុះឡើងនៃមេរោគរាតត្បាត Covid-19 តែសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី នៅតែប្តេជ្ញាបញ្ចប់រដូវកាល អោយបានសំរាប់បាល់ទាត់ក្របខណ្ឌកំពូលបី។
អ៊ីតាលី Serie A នៅសល់ ១២ជុំទៀតទើបចប់រដូវកាល ខណៈ Juventus កំពុងស្វែងរកពានលីគកំពូលលើកទី៩ រដូវកាលជាប់គ្នាដោយកំពុងនាំមុខគេមួយពិន្ទុ។ FIGC បានបញ្ជាក់ទៀតថា ប្រសិនបើបាល់ទាត់ទាំង៣ ក្របខណ្ឌរបស់អ៊ីតាលីចាប់ផ្តើមឡើងវិញហើយ ស្រាប់តែផ្អាកម្តងទៀតនោះសហព័ន្ធនឹងប្រើប្រាស់រូបមន្តប្រកួត Play-Off។ តែប្រសិនបើ Play-Off ហើយនៅតែមិនចប់ទៀត ជំរើសចុងក្រោយគឺប្រើប្រាស់រូបមន្តពិន្ទុមធ្យមក្នុងមួយប្រកួត ដើម្បីកំណត់ចំណាត់ថ្នាក់។ បើនិយាយពី Serie A និង Serie B មិនសូវស្មុគស្មាញទេ តែក្របខណ្ឌ Serie C គឺរឿងលំបាកដែលត្រូវប្រឈមដោយមានសរុប ៦០ក្លិប តែចេញជា ៣តំបន់ ខណៈក្រុមជាច្រើនកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ៕