Benzema ប្រើ​ក្បាច់​ពិសេស​ស៊ុត​បញ្ចូល​ទី ដើម្បី​ក្លាយជា​អ្នករក​គ្រាប់​ឲ្យ Real ច្រើនជាងគេ​លំដាប់​ទី​៥

0
623

Karim Benzema បាន​ក្លាយជា​អ្នករក​គ្រាប់​បាល់​ឲ្យ Real Madrid ច្រើនជាងគេ​លំដាប់​ទី​៥ ក្រោយ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ជ័យជម្នះ​លើ​ក្រុម Valencia ក្នុង​លទ្ធផល ៣-០ នា​ការប្រកួត​ក្របខណ្ឌ La Liga នៅ​យប់​ថ្ងៃទី​១៨ ខែមិថុនា​។ Real តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Barcelona ចំនួន​២​ពិន្ទុ​។​

ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ ៣២ ឆ្នាំ​រកបាន ២៤៣ គ្រាប់​ហើយពី​គ្រប់ការ​ប្រកួត​ទាំងអស់​សម្រាប់​ក្រុម​អធិរាជ​ស ដោយ​នាំមុខ​មួយ​គ្រាប់​លើ​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Ferenc Puskas ដែល​រក​គ្រាប់​ឲ្យ Real បាន​២៤២​គ្រាប់​។​

​ក្នុងជំនួប​នៅ​ទីលាន​ហ្វឹកហាត់ Alfredo Di Stefano របស់ Real ខ្សែបម្រើ Eden Hazard ជា​អ្នក​បញ្ជូន​បាល់​ឲ្យ Benzema ដើម្បី​សម្រេច​ទី​គ្រាប់​ទីមួយ​លើ​ក្រុម Valencia នៅ​នាទី​៦១ នៃ​វគ្គ​ទី​២ បន្ទាប់ពី​បញ្ចប់​វគ្គ​ទី​១​ដោយ​លទ្ធផល ០-០​។ Marco Asensio ដែល​ទើប​ប្តូរ​ចូល បា​នរក​គ្រាប់​បាល់​ភ្លាមៗ​តែម្តង​នៅ​នាទី​៧៤ ដើម្បី​ជួយ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ ២-០​។

​គ្រាប់​បាល់​ទី​ពីរ​របស់ Benzema និង​ជា​គ្រាប់​ទី​៣​សម្រាប់ Real គឺជា​ការប្រើ​ជំនាញ​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​អ្នកចាត់ការ​ទូទៅ​លោក Zinedine Zidane មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ Benzema បាន​ទប់​បាល់​រំលង​ខ្សែការពារ​របស់ Valencia តាមរយៈ​ការបញ្ជូន​ពី Asensio រួច​ទាត់​វូ​ឡេ (Volley) យកតែ​ម្តង​។​

គិត​មក​ត្រឹម​ពេលនេះ កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ច្រើនជាងគេ គឺ Cristiano Ronaldo (៤៥០​គ្រាប់​), Raúl González (៣២៣), Alfredo Di Stefano (៣០៨), Santillana (២៩០), Karim Benzema (២៤៣) និង Ferenc Puskas (២៤២)​។​

​ជ័យជម្នះ ៣-០ លើ​ក្រុម Valencia នេះ​បាន​ជួយ​ឲ្យ Real កើន​ដល់​៦២​ពិន្ទុ ពី​ការប្រកួត​២៩​លើក តាម​ពីក្រោយ​គូប្រជែង Barcelona ដែល​ឈរ​កំពូល​តារាង​លី​គ​កំពូល​អេ​ស្ប៉ា​ញ​ចំនួន ២​ពិន្ទុ​៕