ក្លិបសេះបង្កង់ Juventus ចង់បានកីឡាករ Mauro Icardi មកកាន់ទីក្រុង Turin ដោយពួកគេត្រូវបានរាយការណ៍មកថា កំពុងតែរៀបចំសំណើដើម្បីនាំយកខ្សែប្រយុទ្ធរបស់ Inter Milan មករួមរស់ជាមួយក្រុមខ្លួន។
ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Icardi បច្ចុប្បន្នកំពុងលេងឲ្យក្លិបអ្នកមានបារាំង Paris Saint-Germain ក្រោមកិច្ចសន្យានៃការខ្ចីជើង ខណៈតម្លៃនៃការទិញផ្ដាច់កុងត្រារបស់គេពីក្រុមលោក Antonio Conte គឺប្រមាណជា៧០លានអឺរ៉ូ។
បើតាមសារព័ត៌មាន La Gazzetta Dello Sport កីឡាករខ្សែប្រយុទ្ធ Gonzalo Higuain អាចនឹងចាកចេញពីកីឡដ្ឋាន Allainz បើសិនជា លោក Maurizio Sarri អ្នកចាត់ការទូទៅរបស់ Juventus នាំយក Icardi បានសម្រេច។
ជុំវិញការចង់បាន Icardi ក្លិបជើងឯកអ៊ីតាលីរដូវកាលមុន ត្រូវបានគេដឹងថាមិនចង់ចំណាយប្រាក់ទាំងដុលនោះទេ ដោយមានគម្រោងក្នុងការដាក់កីឡាករមួយចំនួនជាថ្នូរនឹងការដោះដូរ។ កីឡាករដែល Juventus អាចនឹងប្រើក្នុងការដោះដូររួមមាន ខ្សែបម្រើ Miralem Pjanic និងខ្សែការពារស្ដាំ Alex Sandro។
គួរឲ្យដឹងដែរថា នៅរដូវកាលនេះIcardi បង្ហាញខ្លួនឲ្យ PSG បាន៣១ប្រកួតគិតគ្រប់ព្រឹត្តិការណ៍ទាំងអស់ ដោយរកបានគ្រាប់បាល់២០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៤លើក ក្នុងនាមជាខ្សែប្រយុទ្ធកណ្ដាល៕