ខ្សែប្រយុទ្ធស្លាបរបស់ Chelsea កីឡាករ Callum Hudson-Odoi បានជំរុញឲ្យ Jadon Sancho បដិសេធការផ្លាស់ទៅ Manchester United ដោយបែរមករួមរស់នៅកីឡដ្ឋាន Stamford Bridge វិញ។
កីឡាករកំពុងរះរបស់ Dortmund រំពឹងថានឹងចាកចេញពីទឹកដីអាល្លឺម៉ង់នៅទីផ្សាររដូវក្ដៅខាងមុខ ក្រោមចំណាយរយៈពេល៣ឆ្នាំទីនោះ ដោយគេចង់ត្រឡប់មកលេងនៅក្នុងប្រទេសអង់គ្លេសវិញ។
បិសាចក្រហម Man UTD ជាបេក្ខភាពឈានមុខក្នុងការយកបានជម្រើសជាតិអង់គ្លេស Sancho ប៉ុន្តែ Chelsea និង Liverpool ក៏ត្រៀមខ្លួនរួចរាល់ក្នុងការប្រជែងមួយនេះផងដែរ។
ជាមួយគ្នានេះ Hudson-Odoi ដែលជាមិត្តជិតស្និទ្ធក្នុងក្រុមជម្រើសជាតិអង់គ្លេសជាមួយ Sancho បាននិយាយថា គេចង់ឲ្យមិត្តរបស់គេម្នាក់នេះមកលេងនៅ Chelsea ជាមួយគ្នា។ ម្ចាស់អាវលេខ២០របស់តោខៀវ បានឲ្យដឹងថា៖
ខ្ញុំនិង Sancho ជិតស្និទ្ធមែនទែន ពួកយើងនិយាយគ្នារាល់ថ្ងៃ ហើយតែងតែតាមដានគ្នាទៅវិញទៅមក។ យើងដឹងថាពួកយើងទាំងពីរនាក់កំពុងធ្វើបានល្អ ហើយគេកំពុងតែធ្វើរឿងអស្ចារ្យជាច្រើន។ ជាក់ស្ដែង គេគឺជាកីឡាករល្អម្នាក់ ខ្ញុំចង់លេងជាមួយគេ។ ពួកយើងគឺជាដៃគូល្អ ហើយការលេងរបស់យើងក៏អស្ចារ្យ។ បើសិនជាគេមក Chelsea នោះទម្រង់លេងនឹងប្រសើរឡើងនៅទីនេះ។
គួរឲ្យដឹងដែរថា Sancho គឺជាប្រធានបទក្ដៅសម្រាប់ទីផ្សារលើកនេះ ក្រោយគេបង្ហាញទម្រង់លេងយ៉ាងល្អឲ្យ Dortmund។ ជាក់ស្ដែងគេរកបាន១៧គ្រាប់ ពីការបង្ហាញខ្លួន៣៥ប្រកួតឲ្យ Dortmund ក្នុងនោះគេក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១៩លើកផងដែរ៕