Manchester United នឹងត្រូវចំណាយដល់ទៅ ៨០ លានផោន (១០០ លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែបម្រើ Jack Grealish ពី Aston Villa។ នេះបើយោងតាមព័ត៌មានចុងក្រោយដែលកាសែត Talk Sport ចុះផ្សាយ។
លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុមបិសាចក្រហម បានបង្ហាញការចាប់អារម្មណ៍ខ្លាំងទៅលើ Grealish ដែលជាសមាជិកសំខាន់របស់ Aston Villa សម្រាប់គោលដៅចម្បងដើម្បីយកមកកាន់ទឹកដី Old Trafford ក្នុងរយៈពេលមួយឆ្នាំមកហើយ។ អ្នកចាត់ការសញ្ជាតិន័រវ៉េសរូបនេះ ពិតជាចង់បានខ្សែបម្រើសញ្ជាតិអង់គ្លេសនេះ ក្រោយរូបគេបង្ហាញភាពលេចធ្លោក្នុងក្របខណ្ឌ Premier League កន្លងមក។
ក្នុងវ័យ ២៤ឆ្នាំ Grealish បានក្លាយជាកីឡាករស្នូលរបស់ Aston Villa និងជាកីឡាករលេចធ្លោមួយរូប បើទោះជាក្រុមនេះស្ថិតក្នុងតំបន់ត្រូវកាត់ចោល ដោយសារការលេងជាក្រុមមិនបានល្អក៏ដោយ។
ការផ្ទេររបស់ Grealish នឹងមានភាគរយកាន់តែច្រើនប្រសិនបើ Aston Villa ត្រូវបានបានកាត់ចោលត្រលប់ទៅកាន់ក្របខណ្ឌលីគទីពីរអង់គ្លេស Championship វិញ ខណៈកាសែត Daily Mail អះអាងថា Villa បានទារ Man Utd ដល់ទៅ ១០០លានដុល្លារអាមេរិក សម្រាប់តម្លៃខ្លួនរបស់ប្រធានក្រុមពួកគេរូបនេះ។
យ៉ាងណាក៏ដោយ Villa នៅតែសង្ឃឹមថា នឹងរក្សា Grealish ឲ្យនៅជួយក្រុមបន្តទៀតទោះបីជាពួកគេវិលទៅក្របខណ្ឌទី២វិញ។ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Dean Smith ស្ថិតនៅចំណាត់ថ្នាក់ទី១៩ ដែលជាតំបន់ត្រូវកាត់ចោល ក្រោយការប្រកួត២៨លើក មាន២៥ពិន្ទុ។
Aston Villa នៅមានឱកាសដើម្បីដណ្តើយកតំបន់សុវត្ថិភាពវិញនៅ១០ប្រកួតចុងក្រោយមុនចប់រដូវកាលនេះ។ យុទ្ធនាការ Premier League បានវិលត្រឡប់ឡើងវិញហើយនៅយប់ថ្ងៃទី១៧ ខែមិថុនានេះនៅ ដោយ Aston Villa នឹងទទួលភ្ញៀវ Sheffield United នៅឯកីឡដ្ឋាន Villa Park។ នេះជាការវិលចូលការប្រកួតលីគជាថ្មីវិញ បន្ទាប់ពីការផ្អាកបណ្តោះអាសន្នជាង ៣ ខែ ដោយសារវិបត្តិជំងឺឆ្លង COVID-19៕