ក្រុមខៀវ Napoli បានយកជ័យជម្នះលើក្រុមសេះបង្កង់ Juventus (Juve) ក្នុងវគ្គបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ លើកពាន Coppa Italia កាលពីយប់ថ្ងៃពុធ ក្រោយក្រុមទាំង ២ បញ្ចប់លទ្ធផលស្មើគ្នា ០-០ ក្នុងម៉ោងធម្មតា អំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងដោយបិទទ្វារកីឡដ្ឋាន។
នេះជាពានរង្វាន់ទី១ សម្រាប់វិស័យបាល់ទាត់ប្រទេសអ៊ីតាលី រដូវកាលនេះ ដែលទើបតែបានចាប់ផ្ដើមឡើងវិញ ក្រោយផ្អាកដល់ទៅ ៣ ខែ ដោយសារតែវិបត្តិវីរុសកូរ៉ូណា ហើយក្រុម Juve ដែលរបូតពានរង្វាន់នេះ ចាំបាច់ត្រូវទៅស្ដារមុខមាត់របស់ខ្លួននៅលីកលំដាប់ទី១ គឺក្របខ័ណ្ឌ Serie A ដែលមានគម្រោងដំណើរការប្រកួតប្រជែងរបស់ខ្លួនវិញនៅចុងសប្ដាហ៍នេះ។
ការស៊ុតបាល់មិនសម្រេច ២ គ្រាប់ដំបូងនៃខ្សែប្រយុទ្ធ Paulo Dybala និងខ្សែការពារ Danilo ធ្វើឲ្យក្រុម Juve បាត់ឱកាសកាន់តែច្រើនក្នុងការឈ្នះពាននេះ ខណៈកីឡាកររបស់ក្រុម Napoli ស៊ុតមិនភ្លាត់ម្នាក់ណាឡើយ រហូតជួយឲ្យលោក Gennaro Gattuso ស្គាល់រសជាតិពានទី ១ របស់ខ្លួន ក្នុងនាមជាគ្រូបង្វឹកអាជីព។
ក្រោយទទួលបានជ័យជម្នះនេះ អតីតកីឡាករជយលាភីពេលក្រុមជម្រើសជាតិអ៊ីតាលីឈ្នះ World Cup ឆ្នាំ ២០០៦ លោក Gattuso ដែលប្អូនស្រីរបស់ខ្លួនទើបស្លាប់ដោយសារជំងឺ និយាយថា៖ «ក្នុងឆាកជីវិត អ្នកមិនអាចទទួលយករឿងខ្លះនោះទេ តែកីឡាបាល់ទាត់បានផ្ដល់ឲ្យខ្ញុំច្រើនណាស់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានការទទួលខុសត្រូវដ៏អស្ចារ្យ។ ខ្ញុំដឹង ខ្ញុំមិនអាចបញ្ឈប់បាននោះទេ ហើយខ្ញុំមិនដែលធ្វើបានបែបនេះទេក្នុងអាជីពរបស់ខ្ញុំ»។
អតីតកីឡាករឆ្នើមរបស់ក្រុម AC Milan វ័យ ៤២ ឆ្នាំ បន្តទៀតថា៖ «ខ្ញុំបានឃើញក្រុមមួយ ដែលចង់ឈ្នះការប្រកួតមែនទែន ហើយយើងស័ក្តិសមឈ្នះមែន។ វាពិតជាមានភាពអច្ឆរិយៈនៃកីឡាបាល់ទាត់ ដែលអ្នកនឹងទទួលផលនូវអ្វីដែលអ្នកបានដាំ។ ខ្ញុំមានមោទកភាពណាស់នូវអ្វីដែលកូនក្រុមរបស់ខ្ញុំធ្វើបាន។ ពេលនេះ យើងត្រូវបន្តដំណើរទៅមុខជាមួយនឹងអារម្មណ៍នេះសម្រាប់ក្របខ័ណ្ឌកំពូល»។
បរាជ័យនេះ មិនមែនជាលើកដំបូងរបស់ក្រុម Juve របស់លោក Maurizio Sarri នោះទេ ដោយការប្រកួតដណ្ដើមពាន Italian Super Cup កាលពីចុងខែធ្នូ ក៏ចាញ់ក្រុម Lazio ៣-១ ដែរ៕