Sancho មានជំងឺ សម្រាកពីការប្រកួតសម្រាប់ Dortmund ធ្វើឲ្យ MU រីករាយ

0
737

មុនពេលមានពាក្យចចាមអារ៉ាមទាក់ទងនឹងការផ្ទេរថ្មីៗនេះទៅកាន់ក្រុមបិសាចក្រហម Jadon Sancho ទើបតែស្នើសុំសម្រាកពីការប្រកួតសម្រាប់ Dortmund ដោយហេតុ “ហត់ណើយ” និង “អស់កំលាំង” ។

កាលពីចុងសប្តាហ៍មុននាយកក្រុម Dortmund លោក Michael Zorc បានបញ្ជាក់អំពីការព្រួយបារម្ភពីអនាគតរបស់ Sancho នៅពេលដែល Man United កំពុងនាំមុខការដណ្ដើមយកហត្ថលេខារបស់ខ្សែបម្រើស្លាបវ័យ ២០ ឆ្នាំរូបនេះ។

ដំណើរជាភ្ញៀវ​នៅកីឡាដ្ឋាន​នៃក្លឹប RB Leipzig កាលពីចុងសប្តាហ៍មុន Sancho បានអង្គុយក្រៅការប្រកួតស្ទើរតែទាំងអស់ ដោយមហាជនលើកឡើងនូវពាក្យចចាមអារាមដែលថា ទេពកោសល្យអង់គ្លេសវ័យក្មេងរូបនេះ កំពុងជំរុញឱ្យបានវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញឆាប់ៗនេះ។

លោក Zorc បានចែករំលែកនៅលើ Sport1 ថា៖“ Dortmund មានកីឡាកររងរបួសជាច្រើនក្នុងរយៈពេលកន្លងមក ហើយមិនអាចបង្វឹកក្រុមបានដូចក្រុមដទៃទៀតទេ។ Sancho ក៏មានការហត់ណើយដែរ។ មុនការប្រកួត គាត់បានប្រាប់គ្រូបង្វឹកថា គាត់មិនមានកម្លាំងក្នុងការលេងរយៈពេល ៩០ នាទីទេ។ នោះហើយជាមូលហេតុដែលអ្នកឃើញ Sancho អង្គុយតែនៅលើកៅអីបម្រុងប៉ុណ្ណោះ” ។

នាយក Dortmund ខ្លួនឯងបានបន្ថែមថា “វាច្បាស់ណាស់ថាយើងមានការព្រួយបារម្ភអំពីអនាគតរបស់ Sancho ។ ទោះជាយ៉ាងណាក៏ដោយខ្ញុំមិនចង់និយាយលម្អិតបន្ថែមទៀតអំពីបញ្ហានេះទេ” ។

Jadon Sancho មានការរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីចាកចេញពី Man City ដើម្បីចូលរួមជាមួយក្រុមម្ចាស់ផ្ទះ Signal Iduna Park ។ ចាប់តាំងពីដើមរដូវកាលមកគាត់បានរកគ្រាប់បាល់បាន ២០ គ្រាប់ និងជំនួយបាន ២០លើក សម្រាប់មិត្តរួមក្រុមរបស់គាត់នៅ Dortmund ។

គ្រូបបង្វឹក Solskjaer ចង់នាំ Sancho ទៅ Old Trafford ដើម្បីបង្កើនកម្លាំង និងសមត្ថភាពក្រុមបីសាចក្រហម។ ទោះយ៉ាងណាពួកគេនឹងត្រូវចំណាយយ៉ាងហោចណាស់ ៩០ លានផោនសម្រាប់កិច្ចព្រមព្រៀងនេះ។

ដំបូង Dortmund ក៏បានទាមទារលើទឹកប្រាក់ចំនួន ១១០ លានផោន។ ប៉ុន្តែដោយសារតែផលប៉ះពាល់នៃការរីករាលដាលជំងឺ Covid-19 និងប្រតិកម្មពី Sancho ខ្លួនឯងថ្មីៗនេះ ក្រុមអាឡឺម៉ង់នឹងពិចារណាកាត់បន្ថយលើតម្លៃនេះ៕