Juventus រកបានតែមួយពិន្ទុ ក្រោយលទ្ធផល ៣-៣ ជាមួយ Sassuolo

0
794

ក្លិបសេះបង្កង់ Juventus រកបានតែមួយពិន្ទុប៉ុណ្ណោះ ក្រោយបានត្រឹមស្មើជាមួយក្លិបម្ចាស់ផ្ទះ Sassuolo ដោយលទ្ធផលគួរឲ្យជក់ចិត្ត៣ទល់នឹង៣។ លទ្ធផលនេះបានធ្វើឲ្យ Juventus មាន៧ពិន្ទុនាំមុខក្លិបលេខ២ Atalanta ដោយនៅសល់៥ប្រកួតទៀតទើបចប់រដូវកាល។

ជាក់ស្តែងនៅក្នុងការប្រកួតនោះ Juventus ធ្វើការនាំមុខ២គ្រាប់មុនទៅហើយដោយកីឡាករ Danilo ស៊ុតពីលើដំបូលទូកនៅនាទីទី៥ និងការស៊ុតរបស់កីឡាករ Gonzalo Higuain​ នៅនាទីទី១២ ក្រោមការបោះបាល់ឲ្យយ៉ាងល្អពីកីឡាករ Miralem Pjanic ។ នៅក្នុងតង់ទី១នេះដែរក្លិប Sassuolo មានឱកាសស៊ុតជាច្រើនលើក ក្នុងនោះក្លិបមួយនេះអាចតាមបានមួយគ្រាប់វិញនៅនាទីទី២៩ ដោយការស៊ុតរបស់កីឡាករ Filip Djuricic ។

ចូលដល់តង់ទី២ក្លិប Sassuolo បានឱកាសតាមស្មើដោយការស៊ុត free-kick ពីសំណាក់កីឡាករ Domenico Berardi​ នៅនាទីទី៥១។ រំលងបានតែ៣នាទីប៉ុណ្ណោះកីឡាករ Francesco Caputo បានធ្វើឲ្យអ្នកគាំទ្ររបស់ Juventus បុកពោះមិនស្ទើរនោះទេ ដោយជួយឲ្យក្លិប Sassuolo នាំមុខមួយគ្រាប់វិញ។ ប៉ុន្តែនៅនាទីទី៦៤កីឡាករ Alex Sandro ជាអ្នកជួយសង្គ្រោះ Juventus ពីការចាញ់ ពោលគឺតាមបានស្មើវិញដោយការប្រើក្បាលតែតបាល់ជ្រុងពីកីឡាករ Rodrigo Bentancur ។

គួរឲ្យដឹងដែរថា Juventus មិនទាន់ស្គាល់រសជាតិឈ្នះម្តងនៅឡើយទេ ក្នុង៣ប្រកួតចុងក្រោយរបស់ក្លិប ពោលគឺចាញ់មួយ ស្មើ២ ដោយរបូតរហូតដល់ទៅ៩គ្រាប់ឯណោះ។ ជាមួយគ្នានេះដែរយប់មិញនេះគឺជាការប្រកួតដំបូងនៅ Seria A ដែលកីឡាករ Cristiano Ronaldo មិនអាចរកគ្រាប់បាន គិតចាប់តាំងពីបើកឲ្យមានការប្រកួតឡើងវិញនោះ ដោយតារាឆ្នើមរូបនេះរកបាន៧គ្រាប់នៅក្នុងការ៦ប្រកួតរបស់គេជាមួយក្លិប៕