យោងតាមប្រភពព័ត៌មានក្នុងប្រទេសបារាំងបានឲ្យដឹងថា ក្លិបសេះបង្កង់ Juventus បានចាប់ផ្ដើមបើកកិច្ចចរចាជាមួយនឹងតំណាងរបស់ខ្សែប្រយុទ្ធ Alexandre Lacazette ហើយ ជុំវិញការផ្ទេរម្ចាស់អាវលេខ៩របស់ Arsenal រូបនេះ មកកាន់ទឹកដីអ៊ីតាលីនៅទីផ្សាររដូវក្ដៅដ៏ខ្លីខាងមុខ។
ជម្រើសជាតិបារាំងរូបនេះ បានផ្ទេរពីក្លិប Lyon មកកាន់កីឡដ្ឋាន Emirates កាលពី៣ឆ្នាំមុន ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាប្រចាំក្លិប Arsenal ៥២លានផោន (ឬប្រមាណ៦៥លានដុល្លារ)។
ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំបង្ហាញទម្រង់លេងបានល្អគួរសម ក្នុងរដូវកាលនេះ ជាក់ស្ដែងក្នុងចំណោមការបង្ហាញខ្លួន ៣៥ប្រកួតគិតរាល់ព្រឹត្តិការណ៍ទាំងអស់ គេស៊ុតបាន១២គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៦ដង។
ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត Le10Sport ក្លិប Juventus ពេញចិត្តនឹងទម្រង់លេងរបស់ Lacazette ដោយកំពុងធ្វើការចរចាជាមួយតំណាងរបស់កីឡាកររូបនេះអស់រយៈពេល ៣ទៅ៤ថ្ងៃមកហើយ ទាក់ទិនទៅនឹងការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិបារាំង នៅពេលទីផ្សាររដូវក្ដៅបើកទ្វារ។
គួរឲ្យដឹងដែរថា Lacazette នៅជាប់កុងត្រាជាមួយArsenal រហូតដល់ឆ្នាំ២០២២ ឯណោះ ខណៈមិនមែនមានតែ Juventus ទេចង់បាន ក្នុងនោះក្លិបយក្សអេស្ប៉ាញ Atletico Madrid ត្រូវបានគេរាយការណ៍មកថា ក៏បានដាក់គោលដៅតាមប្រមាញ់យកអតីតជើងសុទ្ធក្រុម Lyon រូបនេះផងដែរ៕