សារព័ត៌មាន France Football ដែលជាអ្នករៀបចំកម្មវិធីប្រគល់ពាន រង្វាន់កីឡាករបាល់ទាត់ល្អប្រចាំឆ្នាំ ឬ Ballon D’Or បានប្រកាសជាផ្លូវការថា ព្រឹត្តិការណ៍សម្រាប់កីឡាករល្អជាងគេប្រចាំឆ្នាំ២០២០ នេះនឹងមិនត្រូវបានរៀបចំឡើយដោយសារការរំខានពីវីរុស Covid-19 ហើយការប្រកួតលីគបាល់ទាត់ទាំងឡាយ ក៏បានផ្អាកតាំងពីខែមីនាមិនបានប្រព្រឹត្តិទៅដោយរលូនដែរ។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបង្អស់រាប់ចាប់ពីឆ្នាំ១៩៥៦ មកដែលព្រឹត្តិការណ៍នេះត្រូវបានអាក់ខាន ដោយការសម្រេចរំសាយចោលការប្រគល់ពានរង្វាន់នេះ ផ្អែកទៅលើកត្តាសំខាន់ៗជាច្រើននៃភាពមិនប្រក្រតីនៃបាល់ទាត់ ដូចជាកីឡាករល្អបំផុតទាំង ១១នាក់មិនអាចជ្រើសរើសបានដោយតុល្យភាព, ការប្រកួតលីគកំពូលមួយចំនួនបានរំសាយមុនចប់រដូវកាល និងការប្រកួតមិនពេញលក្ខណៈនៃពានរង្វាន់នានាដូចជា UEFA Champions League និង UEFA Europa League ជាដើម។ គួរបញ្ជាក់ថា ពានរង្វាន់ BallonD’or ត្រូវបានប្រគល់ជូនចុងក្រោយបង្អស់ដល់កីឡាករ Lionel Messi ដែលជាពានលើកទី៦ និងជាកំណត់ត្រាច្រើនជាងគេបង្អស់ ខណៈដែល Cristiano Ronaldo ឈ្នះពាននេះតែ ៥លើកប៉ុណ្ណោះ ហើយដោយឡែកការឈ្នះពាន BallonD’or របស់ Luka Modric កាលពីឆ្នាំ២០១៨ គឺជាការបំបែកកំណត់ត្រានៃការប្រជែង BallonD’or រវាង Messi និង Ronaldo តាំងពីឆ្នាំ២០០៨មក៕