Ramos អាចនឹងប្រើហេតុផលមួយនេះ ដើម្បីឲ្យ Real Madrid ​ដំឡើងប្រាក់ពលកម្មឲ្យខ្លួន រហូតដល់៣១ម៉ឺនផោនក្នុងមួយសប្តាហ៍

0
701

ខ្សែការពារប្រធានក្រុមជម្រើសជាតិអេស៉្បាញ ក៏ដូចជាប្រធានក្រុមរបស់ក្លិប Real Madrid កីឡាករ Sergio Ramos នៅសល់កុងត្រាជាមួយក្លិបតែមួយរដូវកាលទៀតប៉ុណ្ណោះ ក្នុងកិច្ចសន្យាដែលមានប្រាក់ពលកម្ម ២១ម៉ឺនផោន (ឬប្រមាណ២៧ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍។

ហើយបើតាមរបាយការណ៍របស់គេហទំព័រ Sport បានឲ្យដឹងថា មានក្លិបនៅលីគកំពូលរបស់ប្រទេសចិនមួយបានដាក់សំណើក្នុងការទិញកីឡាករវ័យ៣៤ឆ្នាំរូបនេះទៅរួមក្រុម ដោយហ៊ានឲ្យតម្លៃពលកម្មដល់ទៅ៣៨.៥ម៉ឺនផោន (ឬប្រមាណ៤៩ម៉ឺនដុល្លារ) ឯណោះ ប៉ុន្តែមិនទាន់មានចម្លើយពីរនាំងការពារឆ្នើមរូបនេះនៅឡើយទេ។

យ៉ាងណាមិញ Real Madrid ក៏កំពុងតែព្យាយាមចរចាជាមួយ Ramos ដើម្បីបន្តកុងត្រាជាមួយកីឡាកររូបនេះរយៈពេល២រដូវកាលទៀតផងដែរ។ ជួនពេលគ្នានេះ Ramos អាចនឹងមានសង្ឃឹមច្រើន ក្នុងការទាមទា​ដំឡើងប្រាក់ពលកម្មរបស់ខ្លួនឲ្យឡើងដល់៣១.៥ម៉ឺនផោន (ឬប្រមាណ៤០ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍ ដោយលើកហេតុផលទៅកាន់ប្រធានក្លិប Real Madrid ថាមានក្លិបនៅប្រទេសចិនហ៊ានឲ្យលើសតម្លៃដែលរូបគេទាមទានេះទៅទៀត។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះតារាធ្លាក់កូដមិនសូវបានលេង Gareth Bale ជាកីឡាករដែលមានតម្លៃពលកម្មខ្ពស់ជាងគេនៅ Real Madrid ពោលគឺមានចំនួន៣០ម៉ឺនផោន (ឬប្រមាណ៣៨ម៉ឺនដុល្លារ)​ក្នុងមួយសប្តាហ៍។ ដោយឡែកនៅពេលនេះកីឡាករ Sergio Ramos កំពុងតែដាក់សំណើទៅថ្នាក់ដឹកនាំក្លិប ដើម្បី​ដំឡើងប្រាក់ពលកម្មរបស់គេ ដែលមានចំនួនលើស Gareth Bale  ទៅទៀត៕​