ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញដើមកំណើតហ្គីណេ-បាសូកីឡាករ Ansu Fati បានឡើងតម្លៃខ្លួនយ៉ាងសន្ធឹក ក្រោយលេងក្នុងឈុតធំ Barcelona មិនទាន់បាន ១ឆ្នាំពេញស្រួលបួលផង។
កីឡាកររូបនេះមានតម្លៃខ្លួនចំនួន ៩៤លានដុល្លារ នេះបើតាមទិន្នន័យបច្ចុប្បន្នភាពចុងក្រោយ (Update) របស់ទំព័រ Transfermarkt។
បើតាមទិន្នន័យគេហទំព័រខាងលើនេះ កីឡាកររូបនេះជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងចំណោមកីឡាករសញ្ជាតិអេស្ប៉ាញ ហើយជាកីឡាករតម្លៃថ្លៃទី ២នៅ Barcelona (ក្រោម Lionel Messi)។
គួរបញ្ជាក់ផងដែរថា Fati បានបង្ហាញខ្លួនដំបូងនៅឈុតធំ Barcelona កាលពីដើមរដូវកាល ២០១៩/២០ ហើយចាប់ពីពេលនោះមក កីឡាករកើតឆ្នាំ២០០២រូបនេះ លេងបាន ៣៦ប្រកួត និងរកបាន ១១គ្រាប់៕