Atalanta បញ្ចប់​ការ​លេង​មិនចាញ់ ២១​ ដង​របស់ Lazio

0
869

ក្រុម​កំពុងតាម​ប្រជែង​ជើង​ឯក Lazio ស្គាល់​រស​ជាតិ​បរាជ័យ​ជាលើក​ដំបូង​សម្រាប់​ការ​ប្រកួត​នៅ​ក្រប​ខ័ណ្ឌ​​ Serie A ក្នុង​រយៈ​ពេល ៩​ ខែ ដោយ​ការ​លេង​ចាញ់ក្រុម​ម្ចាស់​ផ្ទះ Atalanta ៣-២​​ កាល​ពី​យប់​ថ្ងៃ​ពុធ ទាំង​ដែល​ខ្លួន​ឯង បាន​ធ្វើ​ការ​នាំ​មុខ​ដល់​ទៅ​ ២-០ មុន​ ហើយ​លទ្ធផល​នេះ ធ្វើ​ឲ្យ​នៅ​តែ​តាម​ពី​ក្រោយ​ក្រុម​លេខ ១​​ Juventus ៤​ ពិន្ទុ​ដដែល​។

ក្រុម Lazio ដែល​ទើប​ចាប់​ផ្ដើម​ការ​ប្រកួត​ដំបូង​របស់​ខ្លួន ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២៩ ខែ​កុម្ភៈ ក្រោយ​មាន​ច្បាប់​​បិទទ្វារ​ប្រទេស​ទប់​ស្កាត់​វីរុស​កូរ៉ូណា​នោះ បាន​គ្រាប់​បាល់​នាំ​មុខ​មុនដល់​ទៅ​ ២​ គ្រាប់ ពេល​ការ​ប្រកួតប្រព្រឹត្ត​ទៅ​ត្រឹម​តែ ១១​នាទី​ប៉ុណ្ណោះ​ ដោយសារ​គា្រប់​ទី​១ ជាធ្វើ​ឲ្យ​​ចូល​ទី​ខ្លួន​ឯង​ (own-goal) របស់ខ្សែ​បម្រើ​​ Marten De Roon ហើយ​គ្រាប់​ទី​២ កើត​ឡើង​ពី​ការ​ស៊ុត​ក្រៅ​តំបន់​គ្រោះ​ថ្នាក់​​យ៉ាង​អស្ចារ្យ​ពីសំណាក់ខ្សែ​បម្រើ​សញ្ជាតិ​ស៊ែប៊ី Sergej Milinkovic-Savic​។

តែ​ការ​នាំ​មុខ ២-០ របស់ក្រុម​ភ្ញៀវ​ សម្រាប់​ការ​ប្រកួត​នៅ​ក្រុង​ប៊ឺ​ហ្គា​ម៉ូនេះ ត្រូវ​បាន​កាត់​បន្ថយ​មក​វិញ ពេល​ខ្សែ​បម្រើ​ការ​ពារ Robin Gosens មាន​ឱកាស​តែត​បាន​សម្រេច នៅ​នាទីទី​ ៣៨ ធ្វើ​ឲ្យ​ចប់​វគ្គ​ទី​១ ក្រុម​ម្ចាស់​ផ្ទះ​តាម​ពី​ក្រោយ ១-២។ ចូល​តង់​ទី​២ ការ​វាយ​សម្រុក​រឿយ​ៗ​របស់​ក្រុម​ Atalanta ដើម្បី​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នោះ ទី​បំផុត​ក៏​បាន​ផល ដោយ​នៅ​នាទីទី​ ៦៦ ខ្សែ​បម្រើ​អ៊ុយ​ក្រែន Ruslan Malinovskyi ប្រើ​ជំនាញ​ជើង​ឆ្វេង​របស់​ខ្លួន​ស៊ុត​បាល់ពី​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់គេច​កីឡាករ​ជាច្រើន​រូប​ចូល​ទី​បាន​យ៉ាង​ឥត​ខ្ចោះ។

ក្រោយ​ពី​មាន​លទ្ធភាព​តាម​ស្មើ​វិញ ក្រុម​ Atalanta ចាប់​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង ហើយ​ការ​ប្រកួត នៅ​សល់​តែ ១០​ នាទី​ទៀត នឹង​បញ្ចប់​ទៅ​ហើយ​នោះ ខ្សែ​ការពារ​កណ្ដាល Jose Luis Palomino បាន​តែត​បាល់​ដែល​ទាត់​ចេញ​ពី​ជ្រុងទម្លុះ​សំណាញ់​ទី​បាន​សម្រេច ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ ដែលកំពុង​ឈរ​នៅ​លេខ ៤ នាំ​មុខ​វិញ​ម្ដង ខណៈ​បន្ទាប់​ពីនោះ ក្រុម​ទាំង​២ មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ទៀត​ឡើយ​។ ដូច្នេះ លទ្ធផល​ផ្លូវ​ការ​ Atalanta ៣ Lazio ២។

ក្រោយ​ក្រុម​ខ្លួន​រង​បរាជ័យ​នេះ គ្រូ​បង្វឹក Lazio លោក​​ Simone Inzaghi បាន​និយាយ​ខ្លី​ៗ​ថា​៖ «​យើង​ដឹង​ថា ការ​ត្រឡប់​មក​ប្រកួត​វិញ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Atalanta មិន​មែន​ជារឿង​ស្រួល​ឡើយ ព្រោះ​ថា ពួក​គេគឺ​ក្រុមមួយ ក្នុង​ចំណោម​ក្រុម​គូ​ប្រជែង​​ដ៏តឹង​តែងបំផុត​របស់​យើង​»​។

ចំណែក​គ្រូបង្វឹក​របស់ក្រុម Atalanta លោក​ Gian Piero Gasperini បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sport Italia ថា៖ «វា​មិន​មែន​ជា​រឿង​រីក​រាយ​ឡើយ ពេល​ដែល​អ្នក​មិន​អាច​ចូល​ទៅ​ពាក់​ព័ន្ធបាន សូម្បី​តែ​​រឿង​តូច​តាច ដូច​ជា​ការ​ផ្ដល់​មតិ​យោបល់​ដល់​កីឡាករ​របស់​អ្នកជាដើម​។ វា​ជាការប្រកួត​ប្រជែង​មួយ តែ​វាក៏​​ជា​លទ្ធផល​គួរ​ឲ្យ​ពេញ​ចិត្តដែរ ខណៈ​ខ្ញុំ​ទទួល​អារម្មណ៍​ថា ក្រុម​នេះ ហាក់​មិន​ចាំ​បាច់​ត្រូវការ​គ្រូ​បង្វឹក​ទៀត​ទេ។ ពួក​គេ​ដឹង​ច្បាស់​នូវ​អ្វី ដែល​ត្រូវ​ធ្វើ ព្រោះ​ថា​ ការ​តាម​ពី​ក្រោយ​ក្រុម​ដូច Lazio ២-០ នេះ មិន​មែន​រឿង​ងាយ​ស្រួល​ទេ ប្រសិន​​បើ​ពួក​គេ​ មិន​មាន​ភាព​ចាស់​ទុំ និង​ទំនុក​ចិត្ត​គ្រប់​គ្រាន់​​ទេ​នោះ​»​៕