វាំងនននៃក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់ រដូវកាល ២០១៩-២០២០ ត្រូវបានទាញទម្លាក់ចុះហើយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ ជាមួយនឹងពិធីឆ្លងជើងឯក ១ ឆ្នាំទៀតរបស់ក្រុម Bayern Munich ក្រោយពីមានការបញ្ចប់យ៉ាងប្រញាប់ប្រញាល់នូវយុទ្ធនាការការប្រកួតប្រជែង បន្ទាប់ពីមានការបិទទ្វារប្រទេសយ៉ាងយូរ ដើម្បីទប់ស្កាត់ការរាលដាលពីវីរុសកូរ៉ូណា។
ពេលនេះ AFP Sport សូមធ្វើការលើកឡើងវិញត្រួសៗនូវសកម្មភាពដ៏គួរឲ្យចងចាំខ្លះៗ ពីរដូវកាលនៃលីកកំពូលរបស់ប្រទេសអាល្លឺម៉ង់ ដែលទើបបញ្ចប់ទៅថ្មីៗនេះ ក្នុងនោះមានរឿងរ៉ាវ ៣ ចំនុច ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងគេ។
-ការចាប់ផ្ដើមរាងទ្រេតទ្រោតរបស់ក្រុមជើងឯក
រឿងរ៉ាវដំបូង គ្មានអ្វីក្រៅពីការការពារតំណែងជើងឯករបស់ក្រុម Bayern ឡើយ ក្រោយចាប់ផ្ដើមបង្ហាញសញ្ញាធ្លាក់ចុះ ដោយការលេងស្មើ ២ ដង ក្នុងចំណោម ៤ ការប្រកួតបើកឆាកដំបូងក្នុងលីក ក្រោមការដឹកនាំរបស់លោក Niko Kovac។ ការចាប់ផ្ដើមយុទ្ធនាការបែបនេះ គឺទាបជាងមាត្រដ្ឋានរបស់ខ្លួនបាត់ទៅហើយ សម្រាប់ Bayern តែការប្រកួតចាញ់ Frankfurt យ៉ាងអាម៉ាស់ ៥-១ កាលពីខែវិច្ឆិកា បង្ហាញឲ្យឃើញពីការឈានដល់របត់ថ្មីសម្រាប់ក្រុមជើង៣០សម័យកាលនេះ។
វាជាលើកដំបូង ក្នុងរយៈពេល ១ ទសវត្សរ៍ ដែលក្រុម Bayern របូតគ្រាប់បាល់ដល់ទៅ ៥ គ្រាប់ សម្រាប់ការប្រកួតនៅ Bundesliga ហើយក្រោយពីនោះ ១ ថ្ងៃ លោក Kovac ត្រូវបានបញ្ចប់តួនាទី។ លោក Hansi Flick ចូលមកធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្ន ហើយបានបង្កើតនូវកំណត់ត្រា ១ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប គឺដឹកនាំឈ្នះដល់ទៅ ២៨ ដង ក្នុងចំណោម ៣១ ការប្រកួតដំបូង។
សម្រាប់គ្រូបង្វឹកថ្មីនេះ រឿង ១ ទៀតដែលគួរឲ្យចាប់អារម្មណ៍ដែរ គឺការអាចធ្វើឲ្យ Thomas Mueller ក្លាយជាកីឡាករសំខាន់របស់ក្រុម ១ រូប រហូតជាប់កំណត់ត្រាជាកីឡាករបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (assist) បាល់ដល់ទៅ ២១ គ្រាប់ រដូវកាលនេះ ខណៈខ្សែប្រយុទ្ធ Robert Lewandowski ដែលរកគ្រាប់បាល់បាន ៣៤ គ្រាប់ បញ្ចប់រដូវកាលជាមួយនឹងពានអ្នកស៊ុតបានច្រើនជាងគេ (top scorer) ជាលើកទី ៥ នៅ Bundesliga។
-វិបត្តិកូរ៉ូណា
តែអ្វីដែលជាប្រវត្តិសាស្ត្រនោះ គឺការផ្ទុះឡើងនូវវីរុសកូរ៉ូណា ដោយជំងឺផ្លូវដង្ហើមថ្មីនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកីឡាទូទាំងសកលលោក ក្នុងនោះការប្រកួតប្រជែងបាល់ទាត់នៅក្របខ័ណ្ឌ Bundesliga ក៏គេចមិនផុតដែរ។ ថ្ងៃទី១១ ខែមីនា ការប្រកួតលីកកំពូលរបស់ប្រទេសអាល្លឺម៉ង់មួយនេះ ត្រូវធ្វើឡើងដោយបិទទ្វារកីឡដ្ឋានជាលើកដំបូង ដែលពេលនោះក្រុមម្ចាស់ផ្ទះ Moenchengladbach ឈ្នះក្រុម Cologne ២-១។
២ ថ្ងៃបន្ទាប់ពីការប្រកួត ដែលអត់មានអ្នកគាំទ្រសូម្បី ១ នាក់នោះ អ្នកគ្រប់គ្រងសម្រេចផ្អាកបណ្ដោះអាសន្ន ជាលើកដំបូងជាប្រវត្តិសាស្ត្រ គិតតាំងពីសង្គ្រាមលោកលើកទី២ (WWII) ខណៈប្រទេស បានចាប់ផ្ដើមអនុវត្តគោលការណ៍បិទទ្វារទប់ស្កាត់ការរាលដាលជំងឺនេះ។ ថ្ងៃទី ១៦ ខែឧសភា ក្របខ័ណ្ឌ Bundesliga ចាប់ផ្ដើមឡើងវិញ ដើម្បីក្លាយជាលីកកំពូលនៅអឺរ៉ុបទី ១ ដែលវិលមកមានសកម្មភាពវិញ អំឡុងពេលមានវិបត្តិជំងឺឆ្លង។
បើទោះជាមានការជំទាស់ពីអ្នកនយោបាយខ្លះ និងការព្រមានពីក្រុមគ្រូពេទ្យមួយចំនួនក៏ដោយ ក៏ការចាប់ផ្ដើមឡើងវិញទទួលបានជោគជ័យគួរជាទីកត់សម្គាល់ដែរ ដោយកីឡាករទាំងអស់ គោរពតាមគោលការណ៍អនាម័យយ៉ាងខ្ជាប់ខ្ជួន ហើយអ្នកគាំទ្រទៀតសោត ក៏ស្ដាប់តាមការណែនាំ ដែលសុំឲ្យនៅឆ្ងាយពីការប្រកួត ឬកីឡដ្ឋាន។ ខណៈលីកនៅអឺរ៉ុបផ្សេងទៀត នឹងលេងរហូតដល់ចុងខែកក្កដា និងអាចអូសបន្លាយដល់ខែសីហា ឥឡូវនេះ ក្លិបនៅអាល្លឺម៉ង់ អាចរីករាយជាមួយនឹងវិស្សមកាលរបស់ខ្លួនបានហើយ។
-ការតវ៉ាសម្រាប់ George Floyd
ការចាប់អារម្មណ៍ដែលគ្រប់គ្នាមិនអាចមើលរំលង គឺថាការសម្ដែងកាយវិការតវ៉ារបស់កីឡាករជាច្រើនរូប នៅក្របខ័ណ្ឌ Bundesliga នេះ មានដូចជាកីឡាករ Marcus Thuram, Weston McKennie, Jadon Sancho និង Achraf Hakimi ហើយមូលហេតុ ដែលនាំឲ្យពួកគេធ្វើទង្វើនោះ គឺដើម្បីគាំទ្រដល់ចលនាតវ៉ានៅសហរដ្ឋអាមេរិក ដែលកើតមានជាបន្តបន្ទាប់ ក្រោយការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ George Floyd។
ក្រោយមកចលនាតវ៉ានោះ រាលដាលកាន់តែធំៗឡើង រហូតដល់ប្រទេសផ្សេងៗទូទាំងសកលលោក ក្នុងនោះក៏មានអាល្លឺម៉ង់ផងដែរ ហើយដើម្បីសម្ដែងការគាំទ្រដល់ចលនាតវ៉ា ដែលមានឈ្មោះថា «Black Lives Matter» នៅរៀងរាល់ការប្រកួតម្ដងៗ គ្រប់កីឡាករនៃក្រុមនីមួយៗ សូម្បីតែក្រុម Bayern សុទ្ធតែបាននាំគ្នាលុតជង្គង់ម្ខាង ខណៈនៅលើស្លាកប្រធានក្រុម សរសេរអក្សរថា «Justice for George»៕