ក្លឹប Chelsea កំពុងតែធ្វើការចរចាក្នុងការនាំចូលខ្សែប្រយុទ្ធអាល្លឺម៉ង់ Kai Havertz ពីក្លឹប Bayer Leverkusen នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
សារព័ត៌មានបាល់ទាត់មួយនេះបានឲ្យដឹងថា Chelsea ចង់ទិញកីឡាកររូបនេះក្នុងតម្លៃប្រមាណ ៨៧លានដុល្លារ តែគេមិនទាន់ច្បាស់ថា ភាគីទាំងសងខាងព្រមព្រៀងគ្នាលើតម្លៃនេះនោះទេ។
ក្លឹប Leverkusen តាមរយៈគ្រូបង្គោល Peter Bosz បានប្រកាសដាក់លក់ Havertz ជាសាធារណៈ ដោយលក់ក្នុងតម្លៃ ១១១លានដុល្លារសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ មិនមែនមានតែ Chelsea មួយទេ ដែលចែចូវចង់បានកីឡាកររូបនេះ។ ក្លឹប Bayern Munich និង Real Madrid ក៏បង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធអាល្លឺម៉ង់នេះដែរ។
Chelsea ក្នុងទីផ្សាររដូវក្ដៅនេះ ទិញបានកីឡាករ ២រូបហើយគឺ ខ្សែបម្រើប្រយុទ្ធម៉ារ៉ុក Hakim Ziyech ពីក្លឹប Ajax និងខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner ពីក្លឹប RB Leipzig៕