មេឃខៀវ តោខៀវ ​កាំភ្លើង​ធំ ឡើង​ទៅ​កាន់​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ

0
728

ក្រុម​មេឃ​ខៀវ Manchester City បាន​​ស្ដារ​មុខ​មាត់​​វិញ​បាន​ខ្លះ​ហើយ ពី​ការ​របូត​ពាន​ក្របខ័ណ្ឌ Premier League ឲ្យ​ទៅ​ក្រុម​ហង្ស​ក្រហម Liverpool ដោយ​ការ​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Newcastle ២-០ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​កម្រិត​ទី ​២ ​របស់​ប្រទេស​អង់គ្លេស គឺ FA Cup ហើយ​ក៏​កំពុង​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​គ្រង​ពាន​រង្វាន់​ដល់​ទៅ​ ៣ រដូវកាល​នេះ​ផង​ដែរ​។

២ ​គ្រាប់​របស់​ក្រុម​ Man City ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​បម្រើ​សញ្ជាតិ​ផ្សេង​គ្នា ២ រូប គឺ​កីឡាករ​បែល​ហ្ស៊ិក Kevin De Bruyne ​ នៅ​នាទីទី ៣៧ ដែល​ជា​បាល់​ពិន័យ ​១១ ម៉ែត្រ និង​កីឡាករ​អង់គ្លេស Raheem Sterling នាទីទី ​៦៨ ហើយ​នៅ​វគ្គ ១/២ ផ្ដាច់​ព្រ័ត្រ ក្រុម​របស់​លោក Pep Guardiola នឹង​ប្រឈម​ជាមួយ​ក្រុម​កាំ​ភ្លើងធំ Arsenal ដែល​ដឹកនាំ​ដោយ​អតីត​ជំនួយ​ការ​របស់​ខ្លួន ​គឺ​លោក Mikel Arteta នៅ​ឯ​​កីឡដ្ឋាន ​Wembley នាខែ​ក្រោយ​​។

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ លោក Guardiola បាន​និយាយ​ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​ថា​៖ «​យើង​​និយាយ​ជាមួយ​កីឡាករ​​គ្រប់​រូប ក្រោយ​ពី​អ្វី​ដែល​កើត​ឡើង​នៅ​ Premier League​។ ដោយ​ជាក់​ស្ដែង យើង​ត្រូវ​ការ​ឈ្នះ ២ ​ដង​ទៀត ដើម្បី​បាន​ទៅ​លេង​នៅ​ក្របខ័ណ្ឌ Champions League រដូវកាល​ក្រោយ ហើយ​បន្ទាប់​ពី​ការ​បិទ​ទ្វារ​​ប្រទេស យើង​​និយាយ​​ថា ការ​ប្រកួត​ប្រជែង​ ២ ​កម្មវិធី​ទៀត កំពុង​ដំណើរការ​»​។

គ្រូ​បង្វឹក​វ័យ ​៤៩ ​ឆ្នាំ លោក​ Guardiola បន្ត​​ថា​៖ «​ឥឡូវ​នេះ​យើង​ឈាន​បាន ១ ​ជំហាន​ហើយ ដែល​បាន​​ឡើង​ទៅ​វគ្គ ១/២ ផ្ដាច់​ព្រ័ត្រ គឺ​ប្រសើរ​ណាស់​។ តែ​វា​នឹង​ប្រសើរ​ជាង​នេះ​ទៀត បើ​យើង​លេង​ជាមួយ​ក្រុម Real Madrid ជាមួយ​នឹង​ស្ថានភាព​រាង​កាយ​រឹង​មាំ​បំផុត។ ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​កម្មវិធី FA Cup នឹង​អាស្រ័យ​លើ​ការ​ត្រៀម​ខ្លួន​ល្អ​​បំផុត ហើយ​ជាមួយ​គ្នា​នេះ ក៏​ត្រូវ​ត្រៀម​​ប្រកួត​ប្រជែង​ជាមួយ Real ផង​ដែរ​»​។

ចំណែក​ក្រុម Arsenal ត្រូវ​អរគុណ​គ្រាប់​បាល់​ចុង​ម៉ោង​របស់​កីឡាករ​បម្រុង Dani Ceballos ដែល​​ជួយ​ឲ្យ​​ក្រុម​ឈ្នះ ២-១ លើ​ក្រុម​ម្ចាស់​ផ្ទះ Sheffield United មាន​សិទ្ធិ​ឆ្លង​ទៅ​វគ្គ​បន្ត។ លោក Arteta ក្រោយ​ក្រុម​ខ្លួន​ឈ្នះ​ទាំង​ត្រដាប​ត្រដួស​បែប​នេះ បាន​និយាយ​ថា​៖ «​នេះ​ជា​កន្លែង ដែល​ពិបាក​យក​ឈ្នះ​មែន​ទែន។ យើង​បាន​ត្រឡប់​ទៅ​កាន់​កីឡដ្ឋាន Wembley វិញ​ហើយ​។ ខ្ញុំ​ពិត​ជា​រីក​រាយ​ជាមួយ​ទម្រង់​លេង​របស់​កីឡាករ​គ្រប់​រូប​។ វា​ពិត​ជា​ឱកាស​ដ៏​ប្រសើរ​ណាស់ ដែល​យើង​កំពុង​​ព្យាយាម ដើម្បី​ឈ្នះ​ពាន និង​ដើម្បី​បាន​លេង​នៅ​អឺរ៉ុប​»​។

រី​ឯ​ក្រុម​ ១ ​ទៀត​ ដែល​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដែរ គឺ​តោ​ខៀវ Chelsea ក្រោយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​​ Frank Lampard បាន​ធ្វើ​ដំណើរ​ទៅ​យក​​ជ័យ​ជម្នះ​លើ​ក្រុម Leicester City យ៉ាង​​ប្រផុត​ប្រផើយ ១-០ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Ross Barkley ​ហើយ​ត្រូវ​ឡើង​ទៅ​ប៉ះ​ក្រុម​បិសាច​ក្រហម Manchester United ដែល​បាន​ទម្លាក់​ក្រុម​ Norwich City ក្នុង​ម៉ោង​ថែម​ពិសេស ១៥ ​នាទី ២ ដង ជាមួយ​នឹង​លទ្ធផល ២-១​។

ដូច្នេះ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន FA Cup ក្រុម​ដែល​ត្រូវ​ប្រឈម​ជាមួយ​គ្នា គឺ​ Arsenal ប៉ះ Manchester City និង Manchester United ជួប​ Chelsea ហើយ​ទាំង​ ២ ​គូ ​ត្រូវ​ធ្វើ​ការ​ប្រកួត​នៅ​ទីលាន​​តែ​មួយ​ដូច​គ្នា គឺ Wembley​ ដែល​ជា​ពហុកីឡដ្ឋាន​ជាតិ​របស់​អង់គ្លេស​៕