អតីតកីឡាករវាយកូនបាល់លេខ ១ ពិភពលោក Roger Federer គឺជាអត្តពលិកដែលមានចំណូលខ្ពស់ជាងគេលើលោកក្នុងឆ្នាំ ២០២០ ខណៈការរាតត្បាតនៃជំងឺកូវីដ ១៩ បានប៉ះពាល់ដល់វិស័យបាល់ទាត់ធ្វើឲ្យ Lionel Messi បានធ្លាក់ពីតំណែងនេះ។ នេះបើយោងតាមការចាត់ចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Forbes ដែលចេញពីកាលពីថ្ងៃសុក្រ។
កីឡាករឆ្នើមរបស់ស្វ៊ីស Federer ដែលជាម្ចាស់ពាន Grand Slam លើវិញ្ញាសាវាយទោលបុរសចំនួន ២០ ដង រកចំណូលបាន ១០៦ លានដុល្លារ ក្នុងរយៈពេល ១២ ខែចុងក្រោយ នេះរួមបញ្ចូលទាំង ១០០ លានដុល្លារ ដែលបានពីការផ្សាយពាណិជ្ជកម្មតាមរយៈការពាក់ផលិតផលលើខ្លួន ដូច្នេះហើយទើបធ្វើឲ្យ Federer ដែលធ្លាប់ឈរនៅលេខ ៤ សម្រាប់ចំណាត់ថ្នាក់ចាស់ ហក់ឡើងទៅលើគេក្នុងបញ្ជីចំណាត់ថ្នាក់របស់ទស្សនាវដ្ដី ដែលវាជាលើកដំបូងផងដែរ សម្រាប់កីឡាវាយតិន្នីស។
ចំណែកកីឡាករក្នុងវិស័យបាល់ទាត់ Cristiano Ronaldo ឈរនៅលំដាប់ទី ២ មានចំណូល ១០៥ លានដុល្លារ តាមពីក្រោយដោយ Messi ១០៤ លានដុល្លារ និង Neymar ៩៥,៥ លានដុល្លារ រីឯកីឡាករបាល់បោះ LeBron James ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ មានចំណូល ៨៨,២ លានដុល្លារ។
និពន្ធនាយកជាន់ខ្ពស់របស់ Forbes លោក Kurt Badenhausen បាននិយាយថា៖ «ការរីករាលដាលរបស់វីរុសកូរ៉ូណា បានបណ្ដាលឲ្យមានការកាត់ប្រាក់ខែរបស់កីឡាករបាល់ទាត់ Messi និង Ronaldo ដែលនេះ វាបើកផ្លូវឲ្យកីឡាករវាយតិន្នីស ឡើងទៅឈរទី ១ ក្នុងនាមជាអត្តពលិកដែលមានចំណូលខ្ពស់ជាងគេរបស់ពិភពលោកជាលើកដំបូង»។
ជាមួយគ្នានេះ កីឡាការិនីវាយតិន្នីសសញ្ជាតិជប៉ុន Naomi Osaka (៣៧,៤ លានដុល្លារ) ដែលឈរនៅលេខ ២៩ ក្នុងបញ្ជីបានឡើងទៅលើមិត្តរួមអាជីព Serena Williams (៣៦ លានដុល្លារ) របស់សហរដ្ឋអាមេរិក ក្នុងនាមជាអត្តពលិកនារី ដែលមានចំណូលច្រើនជាងគេរបស់ពិភពលោក ហើយទាំង ២ នាក់ ជាអត្តពលិកនារី ដែលបានជាប់ឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់ឆ្នាំនេះ។
ក្នុងចំណោមកីឡាករនៅទីកំពូលទាំង ១០០ នាក់នៃតារាងចំណាត់ថ្នាក់នេះ កីឡាករបាល់បោះមានឈ្មោះច្រើនជាងកីឡាផ្សេងៗ ដោយមាន ៣៥ នាក់ ខណៈកីឡាបាល់ទាត់អាមេរិកាំង (American Football) មាន ៣១ នាក់ ហើយកីឡាករបាល់ទាត់មាន ១៤ នាក់ តាមពីក្រោយដោយអត្តពលិកវាយតិន្នីស ៦ នាក់ ស្របពេលបូកបញ្ចូលគ្នារវាងកីឡាករប្រដាល់សកល និងក្បាច់គុនចម្រុះ មាន ៥ នាក់។ អ្នកវាយកូនគោលអាជីព ក៏មាន ៤ នាក់ដែរ ពោលគឺនៅលើកីឡាករប្រណាំងយានយន្ត ដែលមាន ៣ នាក់ ហើយកីឡាបេស្បល និងគ្រីកឃីដ មាន ១ នាក់ដូចគ្នា៕