គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី លោក Roberto Mancini បានដាស់តឿនខ្សែប្រយុទ្ធ Mario Balotelli ឲ្យឆាប់ភ្ញាក់ខ្លួនឡើងមុននឹងអាជីពបាល់ទាត់របស់ខ្លួនស្រោចស្រង់លែងបាន បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា កុងត្រារបស់គេនឹងត្រូវក្រុម Brescia ផ្ដាច់មុនកំណត់។
ការកំណត់ជោគវាសនារបស់ Balotelli ពីសំណាក់ក្រុមនៅប្រទេសកំណើតនេះ គឺដោយសារតែកីឡាករវ័យ ២៩ ឆ្នាំរូបនេះ អវត្តមានម្ដងហើយម្ដងទៀត ក្នុងការទៅហ្វឹកហាត់ជាមួយក្រុម ហើយវាក៏មិនមែនជាលើកដំបូងសម្រាប់រូបគេនោះឡើយ ដែលតែងតែមានបញ្ហារឿយៗក្នុងក្រុមដែលគេរួមអាជីពជាមួយ។
និយាយទៅកាន់ទូរទស្សន៍អ៊ីតាលី លោក Mancini បានប្រាប់ថា៖ «ខ្ញុំបានប្រាប់គេរាប់ពាន់ដងមកហើយថា កុំឲ្យគេបំផ្លាញទេពកោសល្យរបស់ខ្លួន។ ខ្ញុំពេញចិត្ត Balotelli ណាស់ តាំងពីគេនៅក្មេងម៉េ្លះ ហើយគេធ្វើរឿងអស្ចារ្យច្រើន។ គេមានទាំងកាយសម្បទាមាំទាំ ល្បឿនលឿន បច្ចេកទេសល្អ ហើយក្នុងវ័យជិត ៣០ ឆ្នាំ គេកំពុងស្ថិតនៅពាក់កណ្ដាលនៃអាជីពរបស់ខ្លួន។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយគេនឹងភ្ញាក់ខ្លួន ហើយធ្វើការកែប្រែ»។
លោក Mancini ធ្វើការកោះហៅកីឡាករ Balotelli ឲ្យចូលរួមជាមួយក្រុមជម្រើសជាតិ ពេលបុរសវ័យ ៥៥ ឆ្នាំ កាន់តំណែងជាគ្រូបង្វឹក ក្នុងខែឧសភា ឆ្នាំ ២០១៨ ហើយមូលហេតុដែលលោកសម្រេចដូចនេះ ព្រោះលោកទុកចិត្តថ្វីជើងរបស់អតីតកីឡាកររបស់ក្រុមហង្សក្រហម Liverpool រូបនេះ ដោយសារធ្លាប់រួមការងារជាមួយគ្នា នៅក្រុមមេឃខៀវ Manchester City និងក្រុមពស់ធំ Inter Milan។
Balotelli ដែលបង្ហាញខ្លួនជាមួយអ៊ីតាលីបាន ៣៦ លើក ចូលរួមជាមួយក្រុម Brescia កាលពីចុងរដូវក្ដៅ ដោយការចាកចេញពីក្រុម Marseille ព្រោះតែសង្ឃឹមថា នឹងដណ្ដើមបានកន្លែងមួយក្នុងក្រុមរបស់លោក Mancini ដែលត្រូវមានភារកិច្ចធ្វើយុទ្ធនាការប្រកួតប្រជែងនៅឯព្រឹត្តិការណ៍ Euro 2020 ដែលលើកពេលទៅធ្វើនៅឆ្នាំក្រោយ។
កីឡាករ Balotelli ទោះបីរូបគេ ជាកីឡាករមួយរូប ដែលតែងតែមានបញ្ហាញឹកញាប់ក៏ដោយ ក៏រូបគេត្រូវបានចាត់ទុកថា មានកម្រិតលេងលំដាប់អន្តរជាតិដែរ។ គេបង្ហាញខ្លួនលើកដំបូងជាមួយក្លិបអាជីព Lumezzane នៅក្របខ័ណ្ឌ Serie C ក្នុងវ័យ ១៦ ឆ្នាំ មុនពេលផ្លាស់ទៅលេងនៅក្របខ័ណ្ឌកំពូល Serie A ដោយចូលរួមជាមួយនឹងក្រុម Inter ក្នុងឆ្នាំ ២០០៧ ដែលនៅទីនោះ គេបានរួមចំណែកជួយឲ្យក្លិបឈ្នះទាំងពានរង្វាន់ទាំងក្នុងស្រុក និង Champions League។
ក្រៅពីក្រុមប៉ុន្មានខាងលើ គេក៏ធ្លាប់ពាក់ឯកសណ្ឋានរបស់ក្រុម AC Milan ២ ដងដែរ ក្នុងនាមជាកីឡាករពេញសិទ្ធិម្ដង និងលក្ខខណ្ឌខ្ចីជើងម្ដង ហើយសម្រាប់ក្រុមនៅបារាំង មុននឹងចូលរួមជាមួយនឹងក្រុម Marseille គេគឺជាកីឡាកររបស់ក្រុម Nice៕