Schmeichel បានចាត់ទុក Fred ជាកីឡាករឆ្នើមប្រចាំ Man UTD ក្នុងរដូវកាលនេះ មិនមែន Bruno ទេ

1037

អតីតអ្នកចាំទីដៃទី១ របស់ក្រុម Manchester United លោក Peter Schmeichel បានចុចឈ្មោះខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred ថាជាកីឡាករឆ្នើមប្រចាំក្រុមបិសាចក្រហម ក្នុងរដូវកាលនេះ។

លោក Schmeichel បានបើកឲ្យអ្នកគាំទ្រសួរនាំនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃច័ន្ទ។ កំឡុងពេលនោះ លោកបានទទួលសំណួរមួយពីអ្នកគាំទ្រ ដោយសួរមកថា តើកីឡាកររូបណាដែលលោកគិតថា ឆ្នើមជាងគេប្រចាំក្រុម Man UTD ក្នុងរដូវកាលនេះ? ភ្លាមៗនោះ លោកបានតបទៅវិញយ៉ាងខ្លីថា “ Fred” ។

ខ្សែបម្រើវ័យ២៧ឆ្នាំ បានផ្លាស់ពីក្រុម Shakhtar Donetsk មកចូលរួមជាមួយ Man UTD កាលពីខែមិថុនា ឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ៥២លានផោន (ឬប្រមាណ ៦៥លានដុល្លារ)។

ប៉ុន្តែក្នុងរដូវកាលដំបូង ក្រោមការដឹកនាំរបស់លោក Jose Mourinho គេហាក់សម្របខ្លួនមិនត្រូវនឹងប្រព័ន្ធលេងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ ជាហេតុធ្វើឲ្យគេបង្ហាញទម្រង់លេងមិនសូវបានល្អ ពោលនៅឆ្នាំនោះគេចូលលេងឲ្យ Man UTD បានត្រឹម១៧ប្រកួតប៉ុណ្ណោះ។

លុះឈានចូលរជ្ជកាលលោក Ole Gunnar Solskjaer ដឹកនាំ Fred បានកែប្រែទម្រង់លេងល្អជាងមុនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងក្នុងរដូវកាលនេះ គេតែងត្រូវបានគ្រូបង្វឹកសញ្ជាតិន័រវេស ផ្ដល់ការទុកចិត្តលេងក្នុងជម្រើស១១នាក់ដំបូង។

តួយ៉ាងមុនពេលក្លិបផ្អាកសកម្មភាពប្រកួត ដោយសារជំងឺ Covid-19 ជម្រើសជាតិប្រេស៊ីលចូលលេង ឲ្យក្រុមបិសាចក្រហមបាន៣៤ប្រកួត ក្នុងនោះគេរួមចំណែករកគ្រាប់បាល់បាន៦គ្រាប់ (ស៊ុត២ Assist ៤)៕