បើទោះបីជាក្លិបហង្សក្រហម Liverpool កំពុងតែខិតកាន់តែជិតក្នុងការលើកពាន Premier League ក៏ដោយ ក៏ក្លិបរបស់លោក Jurgen Klopp មិនបានប្រងើយកន្តើយនឹង ទីផ្សារដោះដូរកីឡាករនៅរដូវកាលនេះឡើយ។
ក្លិបដែលមានមូលដ្ឋាននៅតំបន់ Merseyside របស់ប្រទេសអង់គ្លេសមួយនេះ ត្រូវបានគេរាយការណ៍មកថា កំពុងតែត្រៀមលុយ៨០លានអឺរ៉ូ (ឬប្រមាណជា៩០លានដុល្លារ) ដើម្បីតាមទិញយក ខ្សែប្រយុទ្ធស្លាប Ferran Torres ពីក្លិប Valencia របស់អេស៉្បាញ។
ទន្ទឹមនឹងចាញ់ប្រៀប Chelsea ក្នុងការនាំយកកីឡាករ Timo Werner ពី Leipzig ទើប Liverpool បានត្រៀមលុយ បង្វែរគោលដៅតាមទិញកីឡាករវ័យ២០ឆ្នាំ Ferran Torres នេះវិញម្ដង។
បើតាមអ្នកជំនាញបានឲ្យដឹងថាកីឡាករសញ្ជាតិអេស៉្បាញរូបនេះ មានទេពកោសល្យគ្រប់គ្រាន់ក្នុងការក្លាយជាកីឡាករកំពូលម្នាក់របស់ក្លិប ដោយតារាវ័យក្មេងរូបនេះក៏ជាគោលដៅដ៏ធំរបស់ Man Utd និង Barcelona ផងដែរ។
គួរបញ្ជាក់ដែរថាកីឡាករ Ferran Torres បង្ហាញខ្លួនឲ្យ Valencia សរុបបាន៨៨ប្រកួត រកបាន៦គ្រាប់ និងបោះបាល់ឲ្យដៃគូរស៊ុតបាន៧គ្រាប់ ហើយក៏ធ្លាប់លេងឲ្យជម្រើសជាតិអេស៉្បាញអាយុក្រោម ១៧ឆ្នាំ ១៩ឆ្នាំ និង២១ឆ្នាំផងដែរ៕